
តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះ នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ VASCO DE GAMA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃប្រកបដោយសុវត្ថិភាព មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ។
នាវាទេសចរណ៍ VASCO DE GAMA មានសញ្ជាតិ BAHMAS មានបណ្តោយប្រវែង ២១៩.៤០ម៉ែត្រ ទទឹង ៣០.៨០ម៉ែត្រ ជម្រៅទឹក ៧.៨០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ១៣សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៧និង៣០នាទិ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៦រសៀលថ្ងៃដដែល ។
ភ្ញៀវទេសចរធ្វើដំណើរតាមនាវា VASCO DE GAMA មានចំនួន ៦៩៦នាក់ ស្រី ៣៧៧នាក់ មាន ១៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៥០នាក់ ស្រី ៧១នាក់ មាន ២៨សញ្ជាតិ ។
ក្នុងឱកាសចូលចតរបស់នាវា VASCO DE GAMA នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួន មានដូចជា វត្តក្រោម ឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៣ ផ្សារលើក្រុងព្រះសីហនុ និងតំបន់រមណីយដ្ឋានរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទន្ទឹមនឹងនោះបញ្ហាសុខភាពរបស់ភ្ញៀវទេសចរបរទេសតាមនាវា ក៏ត្រូវបានត្រួតពិនិត្យផងដែរ ដើម្បីធានាសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែ ៕
ដោយ៖ ស្រស់