
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ដែលមានទំនាក់ទំនងជិតដិត និងធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកជំងឺកូវីដ១៩ ។ ក្នុងនោះ ៤នាក់ ជាជនដែលមានទំនាក់ទំនងដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង ។
ជនដែលមានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ទាំង ៤៤នាក់ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធរ សម្រេចដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ បើទោះបីជាយ៉ាងណា រហូតមកដល់ម៉ោង ៤៖៣០នាទីល្ងាចថ្ងៃនេះ មនុស្សទាំង ៤៤នាក់នេះ មានសុខភាពជាធម្មតា មិនមានលេចចេញនូវភាពមិនប្រក្រតីណាមួយនោះទេ ។
សូមរំលឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយ ពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។
លោករដ្ឋមន្រ្តី បានបន្ថែមថា បុរសជនជាតិជប៉ុនរូបនេះ ជាធុរៈជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈ ទេសចរណ៍នោះទេ ដូច្នេះយើងត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ចំពោះករណីនេះរូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ ៕
ដោយ៖ សំណាង