
Daily Mail បានបញ្ជាក់យ៉ាងច្បាស់ថាក្លឹប Man United បានទុកទឹកប្រាក់ ៦០ លានអឺរ៉ូដើម្បីចំណាយទៅលើ Willian ដូច្នេះលោក Jose Mourinho អាចនឹងជួបជុំជាមួយអតីតកីឡាកររបស់គាត់នៅក្លឹបតោខៀវវិញហើយ ដែលគាត់បាននាំយកទៅកាន់ទឹកដី Stamford Bridge ពី Anzhi កាលពីឆ្នាំ ២០១៣ ។
ការតស៊ូរបស់ Willian ក្រោមការដឹកនាំរបស់លោក Antonio Conte គឺជាក់ស្តែងណាស់គឺគាត់ស្ទើរតែមិនត្រូវបានគេចាត់ទុកជាកីឡាករជម្រើសដំបូង បើទោះបីជាគាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងរយៈពេលចុងក្រោយនេះដែលបង្ខំឱ្យខុនប្រើគាត់ឱ្យបានញឹកញាប់ ។ គាត់នៅតែបង្ហាញខ្លួន ៥៥ លើក ប៉ុន្តែគាត់បានចំណាយពេលជាមធ្យមត្រឹមតែ ៥៥ នាទីប៉ុណ្ណោះក្នុងមួយក្រកួត ។ នោះគឺដូចជាចំនួនដែល Anthony Martial បានធ្វើនៅឯ Man United ហើយកីឡាកររបស់បារាំងរូបនេះអាចចាកចេញផងដែរ បន្ទាប់ពីភ្នាក់ងាររបស់គាត់បានសម្តែងនូវបំណងចង់ចាកចេញ ។ Willian នៅតែស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និង បញ្ចូនឲ្យគេស៊ុតបាន ១២ ដង ។
កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២០ ហើយ Chelsea ប្រហែលជាមានឆន្ទៈក្នុងការលក់រូបគេនៅពេលនេះ ។ លក់ ឬ មិនលក់ គឺអាស្រ័យលើអ្នកចាត់ការថ្មីរបស់ក្លឹបតោខៀវ Chelsea និងផែនការរបស់គាត់សម្រាប់ Willian ។ ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះបានសារភាពថាគាត់ទទួលយកការសម្រេចចិត្តរបស់អ្នកចាត់ការ ប៉ុន្តែគាត់ចង់ចាប់ផ្តើមដូចជាអ្វីដែលគាត់បានធ្វើសម្រាប់ប្រេស៊ីលនៅក្នុងការប្រកួត World Cup ។
Willian បានប្រាប់អ្នកកាសែតប្រេស៊ីលថា៖ “ខ្ញុំលេងបានល្អណាស់ ( នៅ Chelsea ) ខ្ញុំតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពជានិច្ច ហើយតែងតែខិតខំប្រឹងប្រែងធ្វើការងារ ហើយជួនកាលអង្គុយនៅលើកៅអីបម្រុងគឺវាលំបាកណាស់ ប៉ុន្តែខ្ញុំគោរពតាមសេចក្តីសម្រេចចិត្តរបស់អ្នកចាត់ការជានិច្ច” ៕
ដោយ៖តារា