
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវឱ វណ្ណឌីន អ្នកពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មន្រ្ដីសុខាភិបាលបានតាមដាន និងពិនិត្យកំហាកបុគ្គលដែលសង្ស័យជាប់ជាប្រចាំរហូតមកទល់ពេលនេះ គឺមិនទាន់បានរកឃើញពលរដ្ឋកម្ពុជាណាម្នាក់បានឆ្លងជំងឺ Covid-19 នោះឡើយ មិនដូចការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមនោះទេ ។
លោកជំទាវបានបញ្ជាក់ថា ការបញ្ជាក់សារជាថ្មីជាច្រើនលើកច្រើនសារនេះ បន្ទាប់ពីនៅលើបណ្ដាញសង្គមបានបង្ហោះព័ត៌មានមិនពិតពីប្រជាពលរដ្ឋបានដួលសន្លប់ថាជាជំងឺ COVID-19 ដែលព័ត៌មាននេះបានធ្វើឱ្យប្រជាពរដ្ឋមានការភ័ណ្ឌច្រឡំ មានការភាពភ័យខ្លាច និងបង្កផលប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរផងដែរ ។
លោកជំទាវបានអៈអាងថា ក្រសួងសុខាភិបាលនិង រាជរដ្ឋាភិបាលគ្មានហេតុផលណាលាក់ព័ត៌មានពីការឆ្លងវីរ៉ុសខូវីរ១៩នេះទេ ប៉ុន្តែត្រូវតែបង្កើន ការផ្សព្វផ្សាយពីស្ថានភាពជម្ងឺនេះឲ្យបានច្រើនដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារ កុំឲ្យឆ្លងជម្ងឺនេះ។
លោកជំទាវបានបញ្ជាក់ថា ចំពោះករណីថាមានជនជាតិជប៉ុនម្នាក់បានផ្ទុកជំងឺ Covid-19 ចេញពីកម្ពុជានោះ គឺតាមការវាយតម្លៃមិនអាចឆ្លងចេញពីកម្ពុជាឡើយ ព្រោះបុគ្គលម្នាក់នោះ បានចាកចេញពីកម្ពុជា ហើយឆ្លងកាត់ប្រទេសវៀតណាមនៅតែគឺមានសុខភាពល្អ ។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលកំពុងតាមដានករណីនេះយ៉ាងដិតដល់ជាទីបំផុត ពិសេសកំពុងធ្វើ ចត្តាឡឺស័កមនុស្សចំនួន ៤នាក់ ដែលបាននៅគៀកនឹងនឹងបុរសជនជាតិជប៉ុនណោះ ដើម្បីតាមដានពីសុខភាព និងដាក់ឲ្យរស់នៅដាច់ដោយឡែក ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញការឆ្លង Covid-19 មួយករណីនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ ៕
ដោយ៖ សំណាង