ជប៉ុន ប្ដេជ្ញាមិនពន្យាពេលព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០នេះឡើយ ទោះជម្ងឺ Covid-19 កំពុងផ្ទុះខ្លាំង

70899
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សម្តីរដ្ឋមន្រ្តីទទួលបន្ទុករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករបស់ជប៉ុនដែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលគ្រោងនឹងធ្វើឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០នេះនឹងប្រព្រឹត្តិទៅដូចការគ្រោងទុកចាប់ពីខែកក្កដាខាងមុខនេះ បើទោះបីជាករណីនៃការឆ្លងវីរុស Covid-19 បានរីករាលដាលដល់ផ្នែកថ្មីផ្សេងទៀតនៃប្រទេសនេះយ៉ាងណាក្តី ។

    កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីអូឡាំពិករបស់ជប៉ុនខាងលើបានធ្វើការលើកឡើងពីភាពភាពចម្រូងចម្រាសមួយចំនួនដោយលោកស្រីបានមានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee) អាចត្រូវបានបកស្រាយថា មានការអនុញ្ញាតឱ្យមានការពន្យារពេលសម្រាប់ប្រារព្ធព្រឹត្តិការណ៍នេះ នៅក្នុងប្រតិទិនឆ្នាំ ២០២០ដដែល ។
    ព្រមជាមួយគ្នានេះ លោកស្រី ហាស៊ីម៉ូតូ (Hashimoto) បានប្រាប់ទៅកាន់សភាជប៉ុនថា៖ “ផ្អែកលើអង្គហេតុដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee) មិនបានលើកឡើងអំពីការលុបចោលឬការពន្យារពេលនៃព្រឹត្តិការណ៍អូឡាំពិកក្នុងប្រទេសជប៉ុនក្នុងឆ្នាំនេះនៅឯកិច្ចប្រជុំរបស់ខ្លួនកាលពីម្សិលមិញនោះ ខ្ញុំមិនរំពឹងថានឹងមានការជូនដំណឹងអំពីការលុបចោលឬរឿងអ្វីមួយដែលបង្កឲ្យមានការខកខានដល់ការប្រារព្ធព្រឹត្តិការណ៍នេះនោះទេ” ។
    ជាមួយគ្នានេះដែរ អភិបាលក្រុងតូក្យូលោក យ៉ូរីកូ កយកេ (Yuriko Koike) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលទីក្រុងតូក្យូបាននឹងកំពុងសហការយ៉ាងពេញលេញជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee) និងអ្នករៀបចំព្រឹត្តិការណ៍នេះដើម្បីធានាឲ្យបានថាព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅប្រកបដោយភាពរលូននិងសុវត្ថិភាព ។

    គួរជម្រាបជូនផងដែរថា បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងក្នុងទឹកដីរបស់ខ្លួន កាសែត យូម៉យរី (Yomiuri) របស់ជប៉ុនបានធ្វើសេចក្តីរាយការណ៍ថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ភ្ញៀវទេសចរចិននិងកូរ៉េខាងត្បូងដែលចូលមកក្នុងប្រទេសខ្លួនឲ្យនៅដាច់ពីគេចំនួន ០២សប្តាហ៍ដើម្បីតាមដាននិងត្រួតពិនិត្យរកការឆ្លងវីរុស Covid-19 ។
    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា គិតត្រឹមពេលនេះ មានមនុស្ស ១២ នាក់ហើយនៅក្នុងប្រទេសជប៉ុនត្រូវបានបាត់បង់ជីវិតដោយសារបានឆ្លងវីរុសខាងលើនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី