
នៅចុងខែកុម្ភៈកន្លងទៅ អាជ្ញាធរជាតិអប្សរាបានរៀបចំស្ដង់ពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលនានា ក្នុងការប្រារព្ធពិធីអបអរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ។ ស្ដង់ពិព័រណ៍ត្រូវបានរៀបចំឡើងទៅតាមនាយកដ្ឋានជំនាញនីមួយៗ ក្នុងនោះក៏មានស្ដង់របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌមួយដែរ។ ក្នុងស្ដង់នេះមានតាំងបង្ហាញនូវសមិទ្ធផលរបស់នាយកដ្ឋាន ក្នុងនោះក៏មានតាំងកុលាលភាជន៍មួយចំនួនដែរ ។
លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី បានឱ្យដឹងថា កុលាលភាជន៍ដែលយកតាំងបង្ហាញនៅពេលនោះ គឺជាកុលាលភាជន៍ ដែលផលិតឡើងវិញ ដោយចម្លងពីកុលាលភាជន៍បុរាណដែលបានរកឃើញពីស្ថានីយឡបុរាណសម័យអង្គរនានាក្នុងតំបន់អង្គរ ។ លោកបន្ថែមថា សារមន្ទីរមានគម្រោងមួយ ដើម្បីលើកកម្ពស់គម្រោងឡបុរាណនៅភូមិ ដោយបង្កើតរោងជាងកុលាលភាជន៍ដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិ មានឱកាសផលិត និងធ្វើឱ្យការផលិតកុលាលភាជន៍រស់ឡើងវិញ ជាប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជន លើវិស័យទេសចរណ៍ ។ សម្រាប់លោក វង្ស សាវុទ្ធី ការងារទាំងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំឭកស្នាដៃដូនតា ការបង្ហាញពីការស្រឡាញ់ថែទាំ ដ្បិតថាយើងមិនអាចធ្វើតាមទាំងស្រុងតាមបុព្វបុរសយើង តែយ៉ាងណាយើងមានចិត្តចង់លើកស្ទួយ គាំទ្រ និងថែទាំវត្ថុទាំងនោះឱ្យបានគង់វង្សទៅអ្នកជំនាន់ក្រោយទៀត។លោកបន្ថែមថា មរតកដូនតាខ្មែរមានចំនួនច្រើនសន្ធឹក ដែលអាចឱ្យយើងយកមកប្រើប្រាស់ និងលើកស្ទួយឡើងវិញរាប់មិនអស់ ដូច្នេះគំនិតនៃការចម្លងគំរូកុលាលភាជន៍បុរាណមកប្រើប្រាស់ឡើងវិញ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺដូចជារំឭកស្នាដៃដូនតាឡើងវិញ មួយទៀតដើម្បីធ្វើឱ្យមរតកដូនតាបានរស់រវើកឡើងវិញយ៉ាងដូច្នោះដែរ ៕
ដោយ៖ ស្រស់