
កាលពីព្រឹកថ្ងៃទី៦មីនានេះលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះករណីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋកាលពីថ្ងៃទី៥មីនា លើបុរសជនជាតិចិន ៣នាក់រស់នៅបុរីមួយកន្លែងក្នុងខណ្ឌសែនសុខនោះគឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ ដោយសារបុរសជនជាតិចិន ៣រូបនោះ មានការភ័យខ្លាចបារម្ភដោយខ្លួនឯងតែប៉ុណ្ណោះ ពួកគាត់ពុំមានជំងឺអ្វីនោះទេ ។
លោក ម៉េត មាសភក្តី បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពីព័ត៌មានករណីខាងលើនេះ ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខាភិបាល ព្រមទាំងអាជ្ញាធរមូល បានចុះទៅពិនិត្យមើលជាក់ស្តែងនៅក្នុងផ្ទះរបស់ជនជាតិចិន ៣នាក់នោះកាលពីរាត្រីថ្ងៃទី៥មីនាកន្លងទៅនេះ។ លោកបន្រថា បន្ទាប់ពីក្រុមប្រតិបត្តិការនៅធ្វើការសាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទងនិងវិរុសកូវីដ-១៩ (កូរ៉ូណាទេ) និងក្រុមប្រតិបត្តិការបានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង ៣នាក់ខាងលើឲ្យចេះអនាម័យពាក់ម៉ាសការពារពេលជួបមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈនៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មានកំដៅក្នុងខ្លួន៣៨អង្សា ពិបាកដកដង្ហើម។ល។ជនជាតិចិនចំនួន៣នាក់ខាងលើបាននិយាយថា៖ ថៅកែពួកគេបានហៅទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូលធ្វើការងាររត់តុនៅភោជនីយដ្ឋានតែប៉ុណ្ណោះ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ខាងលើទៀត។ ជាងនោះទៅទៀតពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺ ឯកឩត្តម អភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ។ លោកបានអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំ ៕
ដោយ៖ សំណាង