
កីឡាករចំណូលថ្មី Steven Bergwijn នឹងខកខានការប្រកួតពានរង្វាន់ Champions League រវាងក្លឹប Tottenham Hotspur ជាមួយក្លឹប RB Leipzig បន្ទាប់ពីមានបញ្ហារបួសកជើងឆ្វេងពេលប្រកួតជាមួយក្លឹប Burnley កាលពីថ្ងៃសៅរ៍ ។
កីឡាករដែលទិញពីក្លឹប PSV កាលពីខែមករារូបនេះ រកបានគ្រាប់បាល់ ២គ្រាប់ឱ្យ Spurs ក្នុង ៧ប្រកួតនៅគ្រប់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់ ។ គេលេងបានពេញ ៩០នាទីក្នុងការប្រកួតដែលទទួលបានលទ្ធផល ១ស្មើនៅទឹកដី Turf Moor ។ ប៉ុន្តែលោក Mourinho ធ្លាប់បានត្អូញត្អែរអំពីបន្ទុកនៃការប្រកួតដ៏នឿយហត់លើកីឡាកររបស់លោក ដែលបានធ្លាក់ចេញពីការប្រកួត FA Cup កាលពីសប្ដាហ៍មុន ប៉ុន្តែនៅសល់ការប្រកួត UCL មួយទៀត ។
Bergwijn ត្រូវបង្ខំចិត្តលេងនៅផ្នែកកណ្ដាល ទន្ទឹមគ្នាជាមួយកីឡាករ Dele Alli និង Lucas Moura ដោយសារអវត្តមានកីឡាកររបួស Harry Kane និង Son Heung-min ។ ខណះកាលពីថ្ងៃចន្ទ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane បានបង្ហាញវីដេអូពីការវិលត្រឡប់មកចូលរួមហ្វឹកហាត់របស់គេ ប៉ុន្តែគេអាចនឹងអវត្តមានរហូតដល់ខែឧសភា ទើបអាចវិលមកចូលរួមលេងក្នុងក្រុមជម្រើសដំបូងដូចធម្មតាវិញបាន ។
សូមជម្រាបឱ្យដឹងថា ខ្សែប្រយុទ្ធដែលមានវ័យ ២២ឆ្នាំរូបនេះជាផ្នែកមួយដ៏សំខាន់ដែលអវត្តមានពីការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយជាមួយក្លឹប RB Leipzig នៅថ្ងៃអង្គារ។ ដោយកាលពីជើងទី១ ក្នុងទឹកដីខ្លួនឯង ក្លឹប Tottenham ប្រកួតចាញ់ក្លឹប RB Leipzig ក្នុងលទ្ធផល ១ទល់នឹង០ ៕
ដោយ៖ តារា