សម្ដេចតេជោ៖ សក្ដានុពលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញខ្ពស់

84145
  • ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ ។

    សម្ដេចតេជោបានឱ្យដឹងថា សក្ដានុពលនេះក៏បានចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍ទន្លេមេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ ។
    សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមជីវិត ជាទីកន្លែងដែលបណ្ដុះបណ្ដាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌ ។ ទន្លេជាអំណោយពីធម្មជាតិ បានផ្សារភ្ជាប់ប្រទេសនានា ដែលទទួលទានទឹករួមគ្នាឱ្យក្លាយជាសហគមន៍វាសនារួមគ្នា ប្រកបដោយសមភាពភាពស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្ស ក្នុងគ្រួសារតែមួយ ។
    ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ។

    សូមជម្រាបជូនថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី