
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបម្រុងទុកថវិកាទៅតាមសេនារិយោទី១ និងទី២ សម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ចន្លោះពី ៨០០លានដុល្លារ ដល់២០០០លានដុល្លារ បើវិបត្ដិអូសបន្លាយរយៈពេល៦ខែ ឬរហូតដល់រយៈពេល១ឆ្នាំនៃជំងឺកូវីដ-១៩ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា បើវិបត្ដិជំងឺកូវីដ-១៩នេះ កើតឡើងក្នុងរយៈពេល៦ខែ យើងនឹងពិនិត្យមើលផលប៉ះពាល់មានទំហំប៉ុនណាដែរ ហើយបាត់បង់ចំណូលប៉ុនណា។ ប្រសិនបើបញ្ហាជំងឺកូវីដ-១៩ នេះ កើតរហូតដល់១ឆ្នាំតើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ដល់កម្រិតណា ហើយយើងត្រូវប៉ះប៉ូវនូវទំហំទឹកប្រាក់ប៉ុនណា។ សម្ដេចតេជោបញ្ជាក់ថា៖ “អីច្ចឹងវាស្ថិតនៅចន្លោះពី៨០០លានដុល្លារ ទៅ២,០០០លានដុល្លារ ដែលរាជរដ្ឋាភិបាលត្រៀមថវិកាបម្រុង សម្រាប់ដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ ។
សម្ដេចតេជោបានបន្ដថា ការបម្រុងថវិការបស់កម្ពុជានេះ សម្ដេចតេជោបានបញ្ជាឱ្យក្រសួង ស្ថាប័នផ្អាកការចំណាយមួយចំនួន ដោយក្នុងនោះក្រសួងមួយចំនួនកាត់បន្ថយការចំណាយ៥០ភាគរយ លើកលែងតែក្រសួង៣តែប៉ុណ្ណោះកាត់បន្ថយតែ២៥ភាគរយ ក្នុងនោះរួមមានទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងក្រសួងពាណិជ្ជកម្មដែលធ្វើការងារទាក់ទងនឹងកិច្ចការបរទេសច្រើន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា៖ “ប្រសិនបើការកាត់បន្ថយការចំណាយរបស់យើង ហើយវាគ្មានរឿងអ្វីកើតឡើង យើងសល់លុយហ្នឹងក៏វាអត់ស្អុយទេលុយហ្នឹង វាមិនផ្អូមទេលុយ”។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ក្នុងការត្រៀមបម្រុងនេះដែរ សម្រាប់ការដ្ឋានខ្លះដែលវាមិនចាំបាច់យើងផ្អាកការបើកការដ្ឋានសិន ពន្យារពេលរហូតដល់ពេលជំងឺកូវីដ-១៩ ទៅផុត ចាំបើកការដ្ឋានក៏មិនយឺតពេលដែរដោយយើងទុកសន្សំថវិកាដើម្បីសង្គ្រោះសេដ្ឋកិច្ច។ សម្ដេចតេជោបានបន្ថែមទៀតថា ការសន្សំថវិកាទុក គឺទាក់ទងនឹងជំងឺកូវីដ-១៩នេះ ក៏បានត្រៀមបម្រុងថវិកាចំនួន ៣០លានដុល្លារផងដែរ សម្រាប់បំពេញបន្ថែមឱ្យការចំណាយលើបញ្ហាសុខាភិបាលបន្ថែមលើថវិកាស្ដីពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។ ប៉ុន្ដែ ចំពោះថវិកាចំនួន៣០លានដុល្លារនេះ គឺអត់ទាន់មានការចាយវាយទេ តែបើយើងត្រៀមបម្រុងចំនួន៣០លានដុល្លារ ប៉ុន្ដែយើងអត់ត្រូវចាយ លុយនេះវាមិនសល់៣០លានដុល្លារ ហើយលុយ៣០លានដុល្លារវាអត់ផ្អូមទេ វានៅតែជាថវិកាជាតិ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ “ការបម្រុងទុកថវិកាដែលយើងត្រូវប៉ះប៉ូវឱ្យបញ្ហាសេដ្ឋកិច្ចក្នុងរយៈពេល៦ខែនៃបញ្ហាជំងឺកូវីដ-១៩នេះ ដែលកើតឡើងប្រមាណ៨០០លានដុល្លារ ប្រសិនបើវាមិនកើតឡើងគឺនៅសល់៨០០លានដុល្លារ។ លុយវាអត់ផ្អូមទេ តែយើងត្រូវបម្រុងថវិការបស់យើង ដើម្បីដោះស្រាយបញ្ហា”។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ក្នុងរយៈពេលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ផ្នែកវិជ្ជសាស្រ្ដក៏ដូចជាអាជ្ញាធរដើម្បីបំផុសដល់ប្រជាជនបង្កើនស្ថានភាពឱ្យទៅជា ទម្លាប់អនាម័យ ដោយធ្វើអនាម័យផ្ទាល់ខ្លួន អនាម័យក្រុមគ្រួសារ អនាម័យនៅក្នុងភូមិ ឃុំ របស់យើង ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសស្អាត។ “បើយើងខ្វះអនាម័យកុំថាជំងឺកូវីដ-១៩ អ្វីៗក៏មកដែរ រួមទាំងផ្ដាសាយតូច ផ្ដាសាយធំ ជំងឺរាគរូសវានឹងមក ឬអត់ បើយើងខ្វះអនាម័យនោះ”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវប្រែក្លាយពីវិបត្ដិឱ្យទៅជាកាលានុវត្ដភាព បានន័យថា ប្រែក្លាយពីបញ្ហាការភ័យក្លាយ ការព្រួយបារម្ភលើបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណា ឬកូវីដ-១៩ នេះទៅជាកាលានុវត្ដភាព ដើម្បីពង្រឹងនូវការការពារខ្លួនតាមរយៈអនាម័យ ប្រែក្លាយការប្រឈមលើបញ្ហាសេដ្ឋកិច្ចឱ្យទៅជាកាលានុវត្ដភាព ៕
ដោយ៖ សំណាង