
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្រូពេទ្យអ្នកលើកទូរស័ព្ទ (១១៥) ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវធ្វើការ ២៤ម៉ោងលើ២៤ម៉ោង ហើយកុំរុញដាក់អ្នកនេះអ្នកនោះ ពោលគឺត្រូវតាមដាន និងរកទីតាំងដែលអ្នករាយការណ៍នោះឱ្យបានច្បាស់លាស់ ។ សម្ដេចតេជោបានថ្លែងថា៖ “ខ្ញុំស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់តាំងមនុស្សដែលមានសមត្ថភាពក្នុងការកាន់ទូរស័ព្ទលេខ១១៥ប្រចាំការ។ ខ្ញុំឃើញគេបង្ហោះលើហ្វេសប៊ុកថា គេបានហៅទៅកន្លែងមួយ ហើយកន្លែងប្រាប់ថាទៅទាក់ទងទៅកន្លែងនោះ ហើយកន្លែងនោះថាទៅទាក់ទងទៅកន្លែងនោះ ហើយឆ្លើយដាក់គ្នា។ អីច្ចឹងទេសុំពង្រឹងសមត្ថភាពជាបន្ទាន់ចំពោះអ្នកប្រចាំការ កុំឱ្យគេតេមកមិនលើលហើយរុញដាក់ទៅនេះ ទៅនោះ” ។
សម្តេចតេជោបានណែនាំថា ត្រូវពង្រឹងសមត្ថភាពដោយត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងការឆ្លើយតបនៅពេលទូរស័ព្ទរោទិ៍ ហើយមិនត្រូវពេលគេមកសួរហើយឱ្យគេទៅរកកន្លែងផ្សេងនោះទេ គឺខ្លួនត្រូវតែធ្វើការទាក់ទងទៅវិញ ដើម្បីឱ្យគេទៅពិនិត្យមនុស្សនោះយ៉ាងម៉េច។ សម្ដេចតេជោបានបន្ថែមថា៖ “ត្រូវពង្រឹងសមត្ថភាពឱ្យទាន់ពេលចំពោះសេវានឹងដើម្បីកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភឱ្យសោះ” ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអំពាវនាវផងដែរថា សុំកុំមានការរើសអើងអ្នកនៅសៀមរាបឱ្យសោះ ដែលចំណុចនេះគឺជាចំណុចគ្រោះថ្នាក់ និងមិនហានធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ទាំងការដើរកម្សាន្តផងដែរ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ “សុំកុំឱ្យ មានការរើសអើងឱ្យសោះចំពោះជនជាតិខ្មែរយើង យើងគ្រាន់តែមិនរើសអើងជនបរទេសផ្សេងទៀត ប៉ុន្តែយើងត្រូវតែពិនិត្យឱ្យបានល្អនៅតាមទីព្រលានយន្តហោះ” ។
សម្ដេចតេជោបានបន្ថែមថា មនុស្ស២២នាក់ដែលបុរសប៉ះពាល់ជាមួយបុរសម្នាក់ អាយុ៣៨ឆ្នាំ រកឃើញមានជំងឺកូវីដ-១៩នោះ ត្រូវបានយកសំណាក់វិភាគ ដែលលទ្ធផលមិន មានរោគ្គសញ្ញាវីរុសកូវីដ-១៩នោះទេ ដែលពេលនេះបុរសម្នាក់នេះ មានសុខភាពធម្មតា ហើយត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកពីគេដើម្បីធ្វើកាព្យាបាលឱ្យជាសះស្បើយ។ ជាមួយគ្នានេះ គ្រូពេទ្យកំពុងធ្វើការស្វែងរកអ្នកដែលប៉ះពាល់ជាមួយបុរសនោះ និងជនជាតិជប៉ុន ដែលឆ្លងជំងឺកូវីដ-១៩នេះដើម្បីយកសំណាកមកវិភាគស្វែងករកជំងឺកូវីដ-១៩។ សម្ដេចតេជោបានបន្ថែមទៀតថា បុរសជនជាតិខ្មែរឆ្លងជំងឺកូវីដ-១៩នេះបានឆ្លងពីជនជាតិជប៉ុន ដែលជនជាតិជប៉ុនរូបនេះដោយមិនដឹងថា គាត់ឆ្លងជំងឺកូវីដ-១៩នេះ មកពីប្រទេស ណាមួយច្បាស់លាស់នោះទេ ព្រោះថាគាត់បានធ្វើដំណើរច្រើនប្រទេស ៕
ដោយ៖ បូណា