
ក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់ថា គោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរពិភពលោក តាមរយៈអ្នកសារព័ត៌មានមកពីជប៉ុនចំនួន ៦នាក់ ដែលបានមកទស្សនកិច្ចប្រមូលយកព័ត៌មានពីគោលដៅទេសចរណ៍នានានៅកម្ពុជារយៈពេលជិត១០ថ្ងៃ ។
ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តការអន្តរជាតិ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា យោងតាមការឆ្លើយតបគ្នារវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសហការជាមួយយគ្នារៀបចំទស្សនកិច្ច (FAM Trip) នៅតាមគោលដៅទេសចរណ៍ជាច្រើននៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៩ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានក្រុមអ្នកសារព័ត៌មានជំនាញរបស់ជប៉ុនចំនួន ៦នាក់ បានធ្វើដំណើរមកប្រមូលយកព័ត៌មានពីគោលដៅទេសចរណ៍នានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ទីផ្សារទេសចរពិភពលោក។
ឯកឧត្ដមបានបន្តថា ចាប់ពីថ្ងៃទី០២-០៥ ខែមីនា ក្រុមអ្នកសារព័ត៌មានជប៉ុនទាំង ៦នាក់ បានទៅទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី និងបានបន្តទៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី០៦-០៧ ខែមីនា ដោយបានទៅទស្សនា និងថតរូបភាពនៅទឹកធ្លាក់សុភមិត្រ ឬព្រះនិម្មិត ផ្ទះតាម៉ុក និងប្រាសាទព្រះវិហារ។ បន្ទាប់មក ចាប់ពីថ្ងៃទី០៨-០៩ ខែមីនា ពួកគេបានអញ្ជើញទៅទស្សនា និងថតទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ផ្សារចាស់ ផ្សាររាត្រី និងតំបន់ជំវិញខេត្តសៀមរាប ។
លោក ពា ភាព អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ការអញ្ជើញមកទស្សនកិច្ចប្រមូលយកព័ត៌មាននៅកម្ពុជា ពីសំណាក់អ្នកសារព័ត៌មានជប៉ុននាឱកាសនេះ គឺដើម្បីយកទៅផ្សព្វផ្សាយប្រាប់ពិភពលោក និងទីផ្សារទេសចរអន្តរជាតិ សំដៅធ្វើយ៉ាងណាទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមានទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ខណៈកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ។
លោក ពា ភាព បានបន្តថា ក្រៅពីធ្វើទស្សនកិច្ចនៅកម្ពុជាជិត ១០ថ្ងៃនេះរួចមក ក្រុមអ្នកសារព័ត៌មានរបស់ជប៉ុនទាំង៦នាក់ខាងលើ បានធ្វើដំណើរត្រលប់ទៅប្រទេសកំណើតវិញ នាថ្ងៃទី១០ ខែមីនា ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយក្ដីរីករាយ និងទទួលបានព័ត៌មានជាច្រើនពីគោលដៅទេសចរណ៍នៅកម្ពុជា ៕
ដោយ៖ បូណា