រដ្ឋបាល​​រាជធានីភ្នំពេញ អំពាវនាវឱ្យពលរដ្ឋដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់ទៅបង់ជាបន្ទាន់

109453
  • អ្នកនាំពាក្យរដ្ឋបាល​​រាជធានីភ្នំពេញ លោក​ ម៉េត​មាស​ ភក្តី​ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ រួចហើយ ។

    លោក​បន្ត​ថា​ នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នេះនៅឡើយទេ ដោយសារបងប្អូននៅពុំទាន់យល់ពីការផ្លាស់ប្តូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀតជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ ។

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី