ក្រុមអភិរក្សរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែប ៣៩សំបុក មានពងចំនួនជាង ១,៤៥០ពង

161956
  • រដ្ឋបាលជលផល សហគមន៍នេសាទ និងអង្គការ WCS បានរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែបចំនួន៣៩សំបុក មានពងចំនួនជាង ១៤៥០ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ ។

    លោក សោម ស៊ីថា មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាដែលហៅកាត់ថា WCS ប្រចាំខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សំបុកកន្ធាយក្បាលកង្កែបចំនួន ៣៩សំបុកនេះ ត្រូវបានប្រជាជននិងសហគមន៍នេសាទបានរាយការណ៍ជូនទៅក្រុមអ្នកភិរក្សដោយសហការជាមួយរដ្ឋបាលជលផលបានរកឃើញនៅដងទន្លេរមេគ្គងក្នុងខេត្តក្រចេះ ។
    លោកបានបន្តថា សត្វកន្ធាយក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គកា IUCN ជាប្រភេទរងគ្រោះជិតផុតពូជជាសាកល។មួយវិញទៀតកន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ វត្តមានកន្ធាយប្រភេទនេះត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គីឡូ ចន្លោះពីខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
    លោកបានបន្ថែមថារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះសត្វកន្ធាយមានការកើនឡើងគួរឲ្យកត់សម្គាល់គឺដោយសារមានការសហការពីអ្នកពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការជួញដូរគ្រប់ប្រភេទ។
    លោកបញ្ជាក់ទៀតថា ដើម្បីការពារសត្វកន្ធាយឲ្យបានគង់វង្សអង្គការWCSបានធ្វើសកម្មភាពចុះអប់រំនិងផ្សាព្វផ្សាយដល់ប្រជាពលរដ្ឋ បង្កើនប្រភេទធនធានដល់រដ្ឋបាលជលផល និងការចូលរួមរបស់អាជ្ញាធរនិងប្រជាសហគមន៍ក្នុងការងារអភិរក្ស គឺជាដំណោះស្រាយដ៏ មានប្រសិទ្ធិភាព ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះ ឲ្យនៅគង់វង្សសម្រាប់មនុស្ស ជំនាន់ក្រោយ។

    សូមបញ្ជាក់ថា កម្មវិធីការពារសំបុកអណ្តើក ត្រូវបានអនុវត្តដោយអង្គការ WCS សហការជាមួយសហគមន៍នេសាទនានាស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី