
បុរសម្នាក់អាយុ ៧៣ឆ្នាំ និងស្រ្តី អាយុ៦៩ឆ្នាំ ដែលជាជនជាតិអង់គ្លេស ហើយត្រូវជាប្តីប្រពន្ធនឹងគ្នា ត្រូវបានក្រុម ការងារប្រយុទ្ធនឹងជំងឺឆ្លង រួមជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាំយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម បន្ទាប់ពីលទ្ធផលពិសោធន៍ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ ។
ដោយឡែកអ្នកដែលនៅសេសសល់ទាំងអស់ ហើយដែលលទ្ធផលបញ្ជាក់អវិជ្ជមាននោះ នឹងត្រូវបាននាំយក ទៅតាមដានស្ថានភាព និងដាក់ឱ្យនៅដាច់ដោយឡែកនៅសណ្ឋាគារមួយកន្លែងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃដដែលនេះ។
ក្រុមការងាររបស់ក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម ផ្នែកពាក់ព័ន្ធផ្សេងៗ ព្រមទាំងលោកស្រីប្រធាន អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរ ក៏ដូចជាជម្រាបជូនអំពីបច្ចុប្បន្នភាព របស់អ្នកទេសចរ និងអ្នកបម្រើការទាំង ៦៤នាក់ លើនាវា Viking Cruise Journey បន្តទៀត ។
គួររំលឹកផងដែរថា អ្នកដំណើរទាំងអស់នៅលើនាវាមានសរុប ៦៤នាក់ ហើយ ៣នាក់ដែលជាជនជាតិអង់គ្លេសទាំងអស់ ត្រូវបានរកឃើញថាមានវីរុសកូវីដ១៩ ដោយក្នុងនោះម្នាក់គឺត្រូវបានបញ្ជូនមកព្យាបាល នៅភ្នំពេញ ដោយលក្ខណ្ឌពិការភាព និងសំណូមពរពីសាម៉ីខ្លួនក៏ដូចជាស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និង ២នាក់ទៀត ត្រូវដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ហើយគិតរហូតមកត្រឹមរសៀលនេះ កម្ពុជាមានករណីវិជ្ជមានជំងឺកូវីដ-១៩ នេះចំនួន ០៥នាក់ហើយ គឺបុរសជនជាតិចិន អាយុ៦០ឆ្នាំ ដែលបានជាសះស្បើយ និងត្រលប់ទៅប្រទេសកំណើតវិញហើយ និងបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ព្រមទាំងអ្នកទេសចរ ០៣នាក់ នៅលើនាវា Viking Cruise Journey នេះ ៕
ដោយ៖ បូណា