
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកសារជាថ្មីដល់អភិបាលខេត្តទាំងអស់ដែលជាប់ព្រំដែនជាមួយ ប្រទេសជិតខាងត្រូវណែនាំប្រជាពលរដ្ឋកុំជួលដីស្រែរបស់ខ្លួនឱ្យទៅកសិករប្រទេសជិតខាង ។
ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ករណីគេសុំជួលដីដើម្បីបង្ក បង្កើនផលនៅតាមព្រំដែន គឺកុំឱ្យមានឱ្យសោះ ពីព្រោះការធ្វើស្រែបន្តិចបន្តួចនៅតាមព្រំដែន វានឹងនាំឱ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ។ សម្ដេចក្រឡាហោមបានបន្ថែមថា បើប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ ការធ្វើបែបនេះ ក្នុងន័យដើម្បីការពារបូរណភាព អធិបតេយ្យទឹកដីរបស់យើង ។
សូមរម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឱ្យលក់ ឬជួលដីស្រែ ដីចម្ការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។ នៅក្នុងសារាចរនោះក៏បានបញ្ជាក់ដែរថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឱ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគតិយុត្តត្រឹមត្រូវការជួលដីនោះអាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឱ្យជួលដីនោះបន្តឱ្យប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ ៕
ដោយ៖ សំណាង