ក្រសួងអប់រំ ដាក់ចេញវិធានការចំនួន ៧ ចំណុចដើម្បីបង្ការជំងឺ Covid-19 នៅតាមគ្រឹះស្ថានសិក្សា

86069
  • យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា បានអោយដឹងថា អង្គភាពក្រោមឱវាទក្រសួង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តវិធានការអោយមានប្រសិទ្ធិភាពខ្ពស់ ដូចជាការ រៀបចំកន្លែងលាងសម្អាតដៃ ដោយប្រព័ន្ធទឹកស្អាតនិងសាប៊ូ ក៏ដូចជាទឹកសម្អាតមេរោគអោយបានច្រើនកន្លែង និងសមស្របតាមតម្រូវការរបស់បុគ្គលិកអប់រំ និស្សិត ដោយច្នៃប្រឌិតទៅតាមលទ្ធភាពធនធានជាក់ស្ដែងរបស់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ រួមជាមួយនឹងការអនុវត្តវិធានការអនាម័យជាប់ជាប្រចាំដោយការលាងសម្អាតដៃឲ្យបានញឹកញាប់ និងការផ្គត់ផ្គង់ទឹកស្អាតសំរាប់ទទួលទានឱ្យបានគ្រប់គ្រាន់ ។

    ប្រភពដដែលបន្តថា ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់បុគ្គលិកនិស្សិតដែលមានរោគសញ្ញាសង្ស័យណាមួយ នៃជំងឺរលាកសួត កូវិដ១៩ ដូចជាគ្រុនក្ដៅ ៣៨ អង្សាសេឡើងទៅ ក្អក ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរពីកន្លែង រីករាលដាល នូវជំងឺរលាកសួត កូវិដ១៩ ឬបានប៉ះពាល់ជាមួយអ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម មិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ ថ្ងៃ ត្រូវរាយការណ៍ទៅទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ នឹងត្រូវណែនាំ ឱ្យទៅពិនិត្យសុខភាពជាបន្ទាន់នៅមន្ទីរពេទ្យថ្នាក់ជាតិ ឬនៅមន្ទីរពេទ្យខេត្ត ហើយបញ្ជូនព័ត៌មាន មកកាន់ក្រសួងអប់រំយុវជននិងកីឡា ។ ចំពោះគ្រឹះស្ថានឧត្តមសិក្សាដែលមានកម្មវិធីសិក្សា ឬការពិសោធន៍ប្រតិបត្តិ ជាមួយសត្វបក្សីត្រូវមានវិធានការអនាម័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺផ្តាសាយបក្សី ។ដោយឡែកគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដែលមាននិស្សិតបរទេសកំពុងសិក្សា ត្រូវរៀបចំឱ្យមានជនបង្កោលមួយរូបឬច្រើនរូប ដែលមានសមត្ថភាពផ្នែកភាសាអាចទំនាក់ទំនងជាមួយនិស្សិត ដែលមានរោគសញ្ញាសង្ស័យ និងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីឆ្លើយតបទាន់ពេលវេលានៅពេលមានបុគ្គលិកសិក្សា ឬនិស្សិតដែលមានរោគសញ្ញាសង្ស័យ ត្រូវធ្វើការទំនាក់ទំនងផ្ទាល់ ទៅលេខ ១១៥ ជាបន្ទាន់ របស់ក្រសួងសុខាភិបាល ហើយបញ្ជូនព័ត៌មានមកក្រសួងអប់រំ យុវជននិងកីឡា ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី