
បើយោងតាមកាសែត The Mirror បានរាយការណ៍ថា ក្រុម Manchester United មានទំនុកចិត្តថា ពួកគេអាចនឹងចុះហត្ថលេខាលើ Jadon Sancho បាន ប្រសិនបើពួកគេអាចមានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ។
បច្ចុប្បន្នក្លឹបស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៃក្របខ័ណ្ឌ Premier League (លីគកំពូលអង់គ្លេស) ដែលជាកន្លែងមួយដែលអាចនឹងធ្វើឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបានកៅអីលេងនៅពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុបនារដូវកាលក្រោយ ប្រសិនបើ Manchester City មិនអាចតវ៉ាក្ដីឈ្នះ ដែល UEFA បានចោទប្រកាន់ក្លឹបយក្សអង់គ្លេសមួយនេះពីបទចាយលុយលើសចំណូល ដែលត្រូវហាមឃាត់ក្រុមមេឃខៀវមិនឱ្យលេងនៅ UCL រយះពេលចំនួន ២ រដូវកាល ។
ស្របពេលនេះដែរ ម្ចាស់ជើងឯកបារាំង ក្លឹប Paris Saint-Germain ក៏មានចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធឆ្នើមវ័យក្មេងជនជាតិអង់គ្លេសរបស់ក្រុម Borussia Dortmund រូបនេះផងដែរ ខណះតម្លៃខ្លួននាពេលបច្ចុប្បន្នរបស់ Sancho មិនក្រោមតម្លៃ ១៣០ លានផោន (១៦៤ លានដុល្លារ) នោះទេ ៕
ដោយ៖ តារា