រុស្ស៊ីហាមជនជាតិអ៊ីតាលីមិនឱ្យចូលប្រទេសរបស់ខ្លួនជាបណ្ដោះអាសន្ន ព្រោះខ្លាចឆ្លងជំងឺខូវីដ១៩

91323
  • កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលរុស្ស៊ីបានចេញសេចក្តីសម្រេចមួយ ដោយប្រទេសរុស្ស៊ីនឹងដាក់​បម្រាមការចូលជាបណ្តោះអាសន្នសម្រាប់ជនជាតិអ៊ីតាលី និងជនបរទេសដទៃទៀតពីអ៊ីតាលីចូលមកប្រទេសរុស្ស៊ី ក្នុងគោលបំណង​ការពារការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស ។ យោងទៅតាមសេចក្តីសម្រេចនេះបានឱ្យដឹងថា ការហាមឃាត់នេះនឹងត្រូវបានកំណត់ចាប់ពីម៉ោង ០០:០០ម៉ោង (ម៉ោងនៅទីក្រុង​មូស្គូ) នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ។

    ការហាមឃាត់នេះនឹងមិនត្រូវបានអនុវត្តន៍ទេ ចំពោះពលរដ្ឋនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ា (EAEU) បុគ្គលិកអាកាស យានិក សមាជិកនៃគណៈប្រតិភូផ្លូវការ និងអ្នកកាន់លិខិតអនុញ្ញាតស្នាក់នៅ ។
    ក្រសួងមហាផ្ទៃនៃប្រទេសរុស្ស៊ី ត្រូវបានណែនាំឱ្យផ្អាកការចេញលិខិតអនុញ្ញាតឱ្យចូលប្រទេសរុស្ស៊ីទៅកាន់ប្រជាជនដែលកំពុង​ស្នាក់នៅ ឬរស់នៅក្នុងប្រទេសអ៊ីតាលី ។ ក្រសួងការបរទេសរុស្ស៊ីត្រូវបានណែនាំឱ្យផ្អាកការចេញទិដ្ឋាការដល់ក្រុមមនុស្សដែលបាន​រៀបរាប់ខាងលើ ហើយជូនដំណឹងដល់ភាគីអ៊ីរ៉ង់អំពីវិធានការទាំងនេះ ។
    ប្រទេសអ៊ីតាលីមានចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសខ្ពស់បំផុតបន្ទាប់ពីប្រទេសចិន។ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសនោះមានលើសពី ១២.០០០នាក់ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាង ៨០០នាក់ ដោយក្នុងនោះមានអ្នកជំងឺ ១.០៤៥នាក់បានជាសះស្បើយហើយ ។

    ការផ្ទុះជំងឺរលាកសួតបណ្តាលមកពីវីរុស COVID-19 ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយដែលមានប្រជាជន ១២លាននាក់ កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ ។ ករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង ១០០ រួមទាំងប្រទេសរុស្ស៊ីផង​ដែរ។ ក្រៅពីប្រទេសចិន ប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺប្រទេសអ៊ីតាលី កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅទូទាំងពិភពលោកមានលើសពី ១១៨.០០០នាក់ ដែលមានអ្នកស្លាប់ប្រមាណ ៤.៣០០នាក់ ៕

    ដោយ៖ រ៉ាយូ

    ប្រភព :
    AKP
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី