បុរសជនជាតិអង់គ្លេសម្នាក់សង្ស័យផ្ទុកជំងឺខូវីដ១៩ ដែលរត់ចេញពីមន្ទីរពេទ្យរុស្ស៊ី ត្រូវបានរកឃើញហើយ

103977
  • លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងថា ករណីជនជាតិអង់គ្លេសដែលជាអ្នកទេសចរម្នាក់ មានអាយុ ៣២ឆ្នាំ បានទៅទស្សនាសារមន្ទីរនេះ ប៉ុន្តែដោយអនុវត្តតាមវិធានការការពារវីរុសកូវីដ-១៩ ក្រុមមន្ត្រីប្រចាំការនៅសារមន្ទីរបានវាស់កម្តៅគ្រប់អ្នកទេសចរទាំងអស់ ដែលចូលទស្សនាសារមន្ទីរ ហើយបានរកឃើញបុរសរូបនេះ មានកម្ដៅ ៣៨អង្សារសេ ដោយពុំមានសញ្ញាអ្វីផ្សេងក្រៅពីនេះទេ ហើយក្រុមមន្ត្រីប្រចាំការក៏បានជូនព័ត៌មាននេះមកក្រសួងសុខាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅជួបបុរសរូបនេះដោយផ្ទាល់ ហើយបាននាំគាត់មកកាន់មន្ទីរពេទ្យ ប៉ុន្តែបុរសរូបនេះហាក់បង្ហាញនូវការមិនចង់សហការក្នុងការត្រួតពិនិត្យសុខភាព ឬក៏ធ្វើតេស្តរកមេរោគកូវីដ-១៩នោះទេ ។

    លោកជំទាវបានបន្តថា៖ “បើទោះជាបុរសរូបនេះ បានយល់ព្រមទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក៏ដោយ ក៏បុរសរូបនេះ បានឆ្លៀតឱកាស នៅពេលដែលក្រុមគ្រូពេទ្យមិត្តភាពខ្មែរសូវៀតកំពុងផ្លាស់ប្តូរសម្លៀកបំពាក់សុវត្ថិភាព និងរៀបចំបែបបទ ព្រមទាំងសម្ភារបច្ចេកទេសផ្សេងៗ ដើម្បីយកវត្ថុសំណាក បុរសរូបនេះក៏បានគេចខ្លួនបាត់ទៅ។ បន្ទាប់ពីនេះក្រុមគ្រូពេទ្យក៏បានជូនដំណឹងដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីតាមស្វែងរកបុរសរូបនេះ ហើយក៏បានរកឃើញគាត់នៅខេត្តកំពត នារំលងអាធ្រាត ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ក្រោមកិច្ចសម្របសម្រួល បុរសរូបនេះក៏យល់ព្រមឱ្យយកវត្ថុសំណាករបស់គាត់ យកមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពត ក៏បានយកគាត់ទៅដាក់នៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីតាមដានសុខភាព និងរងចាំលទ្ធភាពនៃការវិភាគវត្ថុសំណាក”។

    ចំណែកករណីស្រដៀងគ្នានេះដែរ គឺកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានបុរសជនជាតិចិនម្នាក់ ដែលមានបំណងចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មានកម្តៅលើសពី ៣៨អង្សារសេ ប៉ុន្តែពុំមានរោគសញ្ញាអ្វីក្រៅពីនេះទេ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ក្រុមការងារឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាលក៏បានទៅនាំគាត់មកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងយកវត្ថុសំណាកមកធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ហើយមកទល់ពេលនេះបុរសរូបនេះកំពុងត្រូវបានដាក់ឱ្យនៅដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងរងចាំលទ្ធភាពនៃការវិភាគវត្ថុសំណាក ។
    លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងពីរខាងលើនេះ គឺពុំមានទាក់ទងនឹងនាវា Viking Cruise Journey ដែលកំពុងឈប់សំចតនៅខេត្តកំពង់ចាមនោះទេ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី