
ក្រសួងអប់រំយុវជន និងកីឡាបានជំរុញការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើក ផ្នែកបច្ចេកវិទ្យាចាប់ពីថ្នាក់កុមារតូចរហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីពង្រីកធនធានមនុស្សផ្នែក វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នពិភពលោក កំពុងតែបន្តឈានទៅមុខយ៉ាងជឿនលឿនឆាប់រហ័សនូវវិស័យអប់រំផ្នែកបច្ចេកវិទ្យានេះ ហើយពួកគេក៏កំពុងខិតខំប្រឹងប្រែងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ ទៅអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចំរើនលូតលាស់ទៅមុខជាលំដាប់ ។ លោកជំទាវបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការនិងផលប្រយោជន៍នៃវិស័យបច្ចេកវិទ្យានេះហើយ ទើបក្រសួងអប់រំយុវជននឹងកីឡាកម្ពុជា ត្រូវតែធ្វើការកែទម្រង់នៃវិស័យអប់រំផ្នែកបច្ចេកវិទ្យានេះ ដោយបង្កើនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ជាការឆ្លើយតបទៅនិងគោលដៅអប់រំជាតិ ឲ្យសមស្របទៅនិងយុគសម័យបច្ចេកវិទ្យា ហើយចំណេះដឹងនេះដែលជាស្នូលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិកម្ពុជា ដើរទាន់បណ្តាប្រទេសនានានៅជុំវិញពិភពលោក ។
លោកជំទាវបន្តថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ឯកឧត្តមមានចេញគោលនយោបាយ និងវិធានការជាច្រើនពាក់ព័ន្ធ ការពង្រឹង និងពង្រីក សមត្ថភាពរបស់យុវជនកម្ពុជាយើងលើផ្នែកបច្ចេកវិទ្យាអោយកាន់តែខ្លាំងឡើង ។ មូលដ្ឋាននៃការកំណែទម្រង់របស់ក្រសួងនេះ គឺធ្វើការកែទម្រង់តាំងពីថ្នាក់កុមារតូច បឋមសិក្សា អនុវិទ្យាល័យ ក៏ដូចជាវិទ្យាល័យ ដើម្បីធ្វើឲ្យយុវជនកម្ពុជារបស់យើងមានចំណេះវិជ្ជាផ្នែកបច្ចេកវិទ្យា មានចំណេះវិជ្ជាក្នុងការគិត មានការយល់ដឹងខ្ពស់នៅក្នុងការរស់នៅក្នុងសង្គមអភិវឌ្ឍមួយ ដែលឲ្យពួកគាត់មានបំណិនហើយមានលំនឹង មានសេចក្តីទុកចិត្តដោយខ្លួនឯង ។
រូបតំណាង
លោកជំទាវមានប្រសាសន៍ថា៖ ” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានភាពរឹងមាំ និងមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស ក្រសួងអប់រំយុវជន និងកីឡានឹងពង្រឹងសមត្ថភាពធនធានមនុស្សអោយមានលទ្ធភាព អាចរស់នៅដោយទាន់សម័យ ការរស់នៅដោយការគិត ការរស់នៅដោយមានសុជីវធម៌ គុណធម៌នៅក្នុងសង្គម ។យុវជនជាអ្នកបន្តវេន ជាទំពាំងស្នងឫស្សី ឬក៏ជាអនាគតនៃប្រទេសជាតិយើង ដូចនេះតម្រូវឲ្យយុវជនទាំងអស់ ត្រូវមានសមត្ថភាពឲ្យខ្លឹមគ្រប់គ្រាន់មុននឹងទទួលការផ្តល់ឱកាសពីថ្នាក់ដឹកនាំ ដើម្បីពេលដែលគាត់ត្រូវអាកាសហ្នឹងមកយើងធ្វើឱ្យបានល្អជាទីបំផុតកុំឲ្យលោកដល់មកហើយបែរជាមិនអាចបំពេញតួនាទីរបស់ខ្លួនឯង ” ។
លោកជំទាវក៏បានសំណូមពរ ដល់យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង បើសិនជាចង់ឱ្យអ្នកដទៃប្រគល់ការងារឲ្យខ្លួន សូមឲ្យយុវជនទាំងអស់មុនដំបូង ត្រូវមានបំណិនឬចំណេះដឹងគ្រប់គ្រាន់ មានសមត្ថភាពខ្ពស់ មានការលះបង់ មានភាពទទួលខុសត្រូវ ទាំងនេះជាអ្វីដែលលក្ខណៈសម្បត្តិនៅក្នុងយុវជនម្នាក់ដែលត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកការងារមួយដែលសមស្រប ៕
ដោយ៖ បូណា