កែ គឹមយ៉ាន៖ ត្រូវកាត់ទោសអ្នកប្រព្រឹត្តបទ​ល្មើស​គ្រឿងញៀនធំៗ ដោយគ្មានការលើកលែង

66496
  • នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវ​នាវទៅ​ដល់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវកាត់ទោស អ្នកប្រព្រឹត្តបទ​ល្មើស​គ្រឿងញៀនករណីធំៗ ដោយគ្មានការលើកលែងឡើយ ក្រោយពី​សាធារណជនមួយចំនួន មានការសង្ស័យថា ការកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន មានភាពលម្អៀង ។

    ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុប​លទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់លើកទី៤ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រឿងចាត់ចែងចលនៈ និងអចលនៈទ្រព្យ ដែលរឹបអូសពីបទល្មើសគ្រឿងញៀន ក៏នៅតែមានភាពយឺតយ៉ាវ ធ្វើឲ្យទ្រព្យពិសេស ចលនៈទ្រព្យជាច្រើន បាត់បង់គុណភាព និងតម្លៃសេដ្ឋកិច្ច ឬមិនអាចយកមកប្រើប្រាស់បាន បញ្ហានេះ​ជាចំណែកសំខាន់ ជះឥទ្ធិពលអវិជ្ជមាន ដល់ការគាំទ្រ ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
    ឯកឧត្តមបន្ដថា ការសម្រេចដាក់ទោសខ្លះៗ ក៏មានបញ្ហាត្រូវមាន​ការ​ពិនិត្យ ឲ្យបានត្រឹមត្រូវ តាមច្បាប់ជាពិសេស ករណីធំៗ ទៅលើឈ្មូញប្រព្រឹត្ត ដែលមានឥទ្ធិពល នៅក្នុងសង្គម មានទ្រព្យសម្បត្តិច្រើនមកពី បទល្មើសគ្រឿងញៀន ។

    ឯកឧត្តម កែ គឹមយ៉ានមានប្រសាសន៍ថា៖ “តុលាការកាត់ទោសជាង ៨ពាន់ករណី ក្នុងមួយឆ្នាំៗ​គឺច្រើន​ណាស់។ ប៉ុន្ដែមានករណីខ្លះ មតិសាធារណៈនៅ​តែមានសង្ស័យ លើការកំណត់ទោស ភាគច្រើនករណីធំៗ ដែលយើងផ្សាយចេញ លទ្ធផលកន្លងទៅនេះ ។ប៉ុន្ដែការកាត់​ទោស​ខ្លះ នៅតែមាន​សង្ស័យ ខ្ញុំនិយាយយ៉ាងនេះ អាចដឹងករណី​​ណាខ្លះ ហើយសូមពិនិត្យបញ្ហានេះ ត្រូវប្រុងប្រយ័ត្នបំផុត ហើយខ្ញុំ ស្នើនាយកដ្ឋានអនុវត្តច្បាប់ របស់អាជ្ញាធរក្រោមការដឹងនាំ អគ្គលេខាដ្ឋាន ត្រូវតាមដាន ករណីធំៗឲ្យជាប់ ដោយមិនមានការលើកលែង” ៕

    ដោយ៖ សំណាង រូបភាព៖ ក្រសួងមហាផ្ទៃ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី