
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ ប្រាប់ប្រធានសមាគមជប៉ុន-កម្ពុជា អំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលវែង ឬក៏ខ្លីនៅកម្ពុជា ដោយសម្ដេចតេជោបានបញ្ជាក់ថា ជំងឺនេះគឺជាបញ្ហាដែលកម្ពុជាអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួនសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះឯកឧត្តមតាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពជាទូទៅនៃជំងឺកូវីដ-១៩ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច។ ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូអំពីវិធានការទប់ស្កាត់ បញ្ហាក្នុងករណីដែលមានជំងឺកូវីដ-១៩នេះ ក្នុងរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ៕
ដោយ៖ សំណាង