នរណាវិញ? Gundogan ទាត់ចោល Ronaldo ចេញពីបញ្ជីកីឡាករកំពូលទាំង ៣ រូបនៅលើផែនដី

60095
  • ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា Lionel Messi, Kevin de Bruyne និង Kylian Mbappe គឺជាកីឡាករកំពូលទាំង ៣ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ខណះម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo មិនឋិតនៅក្នុងចិត្តរបស់គេនោះទេ ។

    ប្រធានក្រុមរបស់ក្លឹប Barcelona កីឡាករ Messi បានឈ្នះពានរង្វាន់បុគ្គលដែលមានភាពប៉ិនប្រសប់បំផុតក្នុងពិភពបាល់ទាត់ Ballon D’or ជាលើកទី ៦ របស់ខ្លួនកាលពីចុងឆ្នាំ២០១៩ ដោយបាននាំមុខរបងការពារដ៏រឹងមាំរបស់ក្រុមហងក្រហម Liverpool កីឡាករ Virgil van Dijk និងគូប្រជែងដ៏យូរអង្វែងខ្លាចាស់ Ronaldo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅប្រទេសអ៊ីតាលីជាមួយសេះបង្កង់ Juventus ។

    Messi និង Ronaldo បានប្រយុទ្ធគ្នាក្នុងនាមជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយពួកគេក៏មិនបានបង្ហាញសញ្ញានៃការថយចុះដែរ បើទោះជាពួកគេឈានចូលដល់អាយុក្បែរ ៤០ ដែលជាវ័យថមថយកម្លាំងរៀងៗខ្លួនយ៉ាងណាក៏ដោយ ។ បើទោះបីជាការពិត Ronaldo នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅតំបន់អឺរ៉ុបយ៉ាងណាក្ដី ប៉ុន្តែ Gundogan មិនបានចាត់ទុកបុរសវ័យ ៣៥ ឆ្នាំរូបនេះស្ថិតនៅកម្រិតកំពូលទៀតនោះទេ ។

    កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះនៅតែជឿជាក់ថា Messi នៅតែស្ថិតនៅលើកីឡាករដទៃទៀតក្នុងលោក ជាមួយគ្នានេះ Gundogan ក៏បានដាក់ឈ្មោះមិត្តរួមក្រុមនៅមេឃខៀវ Man City គឺ De Bruyne និងខ្សែប្រយុទ្ធឆ្នើមរបស់ Paris Saint-Germain តារាវ័យក្មេង Mbappe ជាកីឡាករឆ្នើមបំផុតនៅលើផែនដីនាពេលបច្ចុបន្ន ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី