
សារព័ត៌មាន Sport បានរាយការណ៍ថា Pierre-Emerick Aubameyang នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលរូបគេអាចធ្វើបានដើម្បីជំរុញឱ្យការផ្លាស់ទៅ Barcelona នៅរដូវក្តៅទទួលបានជោគជ័យ ។
ខ្សែប្រយុទ្ធជួរមុខរបស់ជម្រើសជាតិហ្គាបុង ដែលបច្ចុបន្នកំពុងលេងឱ្យក្លឹបកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang បានបញ្ជាក់ជាសាធារណៈថា គាត់សប្បាយចិត្តនៅឯកីឡដ្ឋាន Emirates ប៉ុន្តែប្រភពខាងលើបានអះអាងថា Barca ដាក់គោលដៅចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Borussia Dortmund រូបនេះតាំងពីដើមខែមករាមកម្លេះ ប៉ុន្តែការផ្ទេរមិនអាចសម្រេចបាននោះឡើយ ។
សូមជម្រាបជូនថា Aubameyang បង្ហាញបំណង់ចង់ចាកចេញពី Arsenal តាំងពីឆ្នាំមុនមកម្លេះ បន្ទាប់ពីក្រុមរហ្ស័សនាមថា កាំភ្លើងធំមួយនេះមិនអាចប្រជែងកៅអីក្របខណ្ឌ Champions League បានក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណះទម្រង់លេងរបស់តារាជើងស៊ុតវ័យ ៣១ឆ្នាំរូបនេះ នៅតែល្អគួរជាទីចង់បានរបស់ក្លឹបកំពូលៗនៅអឺរ៉ុប ៕
ដោយ៖ វិទូ