
ក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហាញខ្លួនកីឡាករបរទេសចំណូលថ្មីរបស់ខ្លួនចំនួនពីររូប សម្រាប់ត្រៀមការប្រកួតជើងទី២ គឺកីឡាករ Sergio Barboza Da Silva Junior និង Harley Bryn Willard ។
ក្លឹបនេះបានធ្វើការប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Sergio Barboza Da Silva Junior ។ ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លឹប Master 7 FC នៅក្នុងក្របខ័ណ្ឌ Laos Premier League ដែលគាត់ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងចំណោម ១០ ប្រកួតនៅរដូវកាលនេះ ។ កីឡាករ Sergio ធ្លាប់លេងឱ្យក្លឹបចំនួន ៥ ផ្សេងគ្នានៅក្នុងប្រទេសប្រេស៊ីលមុនពេលគាត់ផ្លាស់ទៅលេងនៅលីគ កូស្តារីកា គឺលេងឲ្យក្លឹប Guatemala និង Honduras ។
ចំណែកឯកីឡាករ Harley Bryn Willard សញ្ជាតិអង់គ្លេសនឹងចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងរហូតដល់បញ្ចប់ការដណ្ដើមពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០១៨ នេះ ។ Harley មានវ័យ ២០ ឆ្នាំ មុននិងចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង កីឡាកររូបនេះធ្លាប់លេងនៅក្លឹប Hassleholms IF នៅក្នុងលីគប្រទេសស៊ុយអែត ដោយគាត់បានស៊ុតបាល់បញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ១១ ប្រកួតក្នុងរដូវកាលនេះ ។ Harley ក៏ធ្លាប់ជាអតីតយុវជនរបស់ក្លឹបលេងនៅលីគកំពូលអង់គ្លេសផងដែរដូចជាក្លឹប Arsenal FC និង Southampton FC មុនពេលផ្លាស់ទៅលេងនៅប្រទេសស៊ុយអែត ។
គួបញ្ជាក់ផងដែរថា កីឡាករ Sergio Barboza Da Silva Junior និង Harley Bryn Willard និងបង្ហាញខ្លួនឲ្យក្លឹបព្រះខ័នរាជស្វាយរៀង ពេលប៉ះក្លឹប ណាហ្គាវ៉ើលដ៍ ក្នុងថ្ងៃបើកឆាកជើងទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃស្អែកនេះ ៕
ដោយ៖តារា