
ក្លឹប Barcelona បានទទួលស្គាល់ថាវានឹងមានការលំបាកក្នុងការរក្សាអ្នកចាំទី Jasper Cillessen ទុកនៅក្លឹបបន្តទៀត ។ បន្ទាប់ពីចំណាយពេលពីររដូវកាលនៅ Camp Nou អ្នកចាំទីរូបនេះបានទទួលការគោរពគ្រប់គ្នាសម្រាប់ការបង្ហាញទម្រង់លេងដ៏ល្អនិងឥរិយាបថអាជីពរបស់គាត់បើទោះបីជាជានិច្ចកាលស្ថិតនៅក្រោមស្រមោលរបស់អ្នកចាំទី Marc -Andre Stegen ។
ប៉ុន្តែ Cillessen ដឹងថាពេលនេះគឺជាពេលដែលត្រូវផ្លាស់ទីលំនៅដើម្បីស្វែងរកការលេងជាទៀងទាត់ហើយនោះជាអ្វីដែល Barca មិនអាចធានាឲ្យគាត់បាន ។ អនាគតរបស់អ្នកចាំទីសញ្ជាតិហូឡង់រូបនេះហាក់បីដូចជាស្ថិតនៅក្នុងប្រទេសអង់គ្លេសជាមួយនឹងក្លឹបនៅក្របខ័ណ្ឌ Premier League បាត់ទៅហើយ បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅក្របខ័ណ្ឌ Serie A ក៏ដោយ ។
Chelsea, Arsenal, Liverpool និង Napoli គឺសិតសឹងតែចង់បានអ្នកចាំទីម្នាក់ម្នាក់នេះ ។ បច្ចុប្បន្នក្លឹប Barcelona ក៏បានដឹងផងដែរថា Cillessen កំពុងមានសំណើរផ្ទេរ ហើយក្លឹបក៏បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចាលក់រូបគេ ។ យុទ្ធសាស្ត្ររបស់ក្រុម Barcelona រហូតមកដល់ពេលនេះគឺដើម្បីចង់ឱ្យមានការទិញផ្ដាច់កុងត្រាអ្នកចាំទីហូឡង់ក្នុងតម្លៃ ៦០ លានអឺរ៉ូ ប៉ុន្តែគេដឹងរួចមកហើយថាក្លឹបនេះនឹងយល់ព្រមទទួលយកពាក់កណ្តាលនៃតម្លៃនោះ ។ សម្រាប់ហេតុផលនេះនៅក្នុងការពិភាក្សាជាលើកដំបូងក្លឹប Barcelona បានស្នើសុំថវិការច្រើនជាង ៣០ លានអឺរ៉ូ ៕
ដោយ៖តារា