
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប បឹងកេត អែបស៊ី កីឡាករ Maycon Calijuri បាននិយាយថា បែលហ្ស៊ិកគឺជាក្រុមខ្លាំងនិងជាឧបសគ្គធំសម្រាប់ប្រទេសដើមកំណើតរបស់ខ្លួននៃវគ្គ ៨ ក្រុមចុងក្រោយក្នុងការដណ្ដើមពានរង្វាន់ FIFA World Cup ។
Maycon Calijuri បាននិយាយថា៖ “ប្រជាជនប្រេស៊ីលទាំងអស់តែងតែគ្រាំទ្រក្រុមជម្រើសជាតិដើម្បីឈ្នះ ។ មិនត្រឹមតែពានរង្វាន់ World Cup ប៉ុណ្ណោះទេ គឺគ្រប់ប្រកួតទាំងអស់ ទាំងមិត្តភាពនិងពាន Copa America យើងទៅដើម្បីឈ្នះ ។ ពិតណាស់យើងគ្រាំទ្រក្រុមជម្រើសរបស់យើងគ្រប់ពេលវេលា ។ ខ្ញុំសង្ឃឹមថាពួកគេនឹងក្លាយជាជើងឯកពិភពលោកជាថ្មីម្ដងទៀត ។ ប្រេស៊ីលកំពុងជួបពេលវេលាលំបាកផ្នែកនយោបាយក្នុងប្រទេស ប៉ុន្តែគ្រប់គ្នាជឿជាក់ថាបាល់ទាត់អាចធ្វើឲ្យរ៉ាវប្រសើរឡើង “។
នៅពេលសួរថាតើក្រុមណាជាឧបសគ្គធំបំផុតសម្រាប់ប្រេស៊ីលនៅ World Cup នោះកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំគិតថាបែលហ្ស៊ិកជាឧបសគ្គ ខ្ញុំចូលចិត្តពួកគេ ។ ស្ទីលលេងរបស់បែលហ្ស៊ិកដូចគ្នាទៅនិងប្រេស៊ីលអីចឹង គឺប្រយុទ្ធគ្រប់ពេល ដាក់សម្ពាធលើគូប្រកួតគ្រប់ពេល បញ្ចូនបាល់បានល្អ ។ នៅ World Cup សុទ្ធតែគូរពិបាកៗ ហើយបែលហ្ស៊ិកគឺជាគូរប្រកួតដែលពិបាកសម្រាប់ប្រេស៊ីល “។
កីឡាកររូបនេះបន្តថា៖” បាល់ទាត់គឺពិបាកនិយាយ បាល់ទាត់ប្រែប្រួលគ្រប់ពេល ។ ការប្រកួត World Cup មានតែមួយជើង ប៉ុណ្ណោះ ដូច្នេះវាពិបាកនិយាយថាក្រុមណានឹងឈ្នះ ដូចកាលបឹងកេតឈ្នះណាហ្គាវ៉ើលអីចឹង ប៉ះគ្នាម្ដងទៀត ណាហ្គាវ៉ើលអាចយកឈ្នះវិញក៏ថាបាន ។ បើលេងពីរជើងវាងាយស្រួលនិយាយជាង តែទោះជាយ៉ាងណាខ្ញុំសង្ឃឹមថាប្រេស៊ីលនិងឡើងដល់វគ្គផ្ដាច់ព្រ័ត្រនិងក្លាយជាជើងឯក”៕
ដោយ៖តារា