
យោងតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានឱ្យដឹងថាខ្សែបម្រើសញ្ជាតិប្រេស៊ីល Paulinho ដែលជាអតីតខ្សែបម្រើរបស់ក្លឹប Guangzhou Evergrande អាចនឹងត្រូវត្រឡប់ទៅកាន់ប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ ។
ការសែត AS របស់អេស្ប៉ាញបានអះអាងថាកីឡាករប្រេស៊ីលរូបនេះដែលបានផ្ទេរទៅលេងនៅ Camp Nou កាលពីរដូវកាលមុនបានទទួលការផ្តល់ជូនទឺកប្រាក់ចំនួន ៤៤ លានផោនពីសំណាក់ក្លឹបនៅប្រទេសចិន ។
រាយការណ៍នេះបានឲ្យដឹងទៀតថា Paulinho មិនបានចាប់អារម្មណ៍ការផ្ដល់ជូននេះឡើយដោយសារគាត់ចង់ផ្តោតលើការប្រកួត World Cup ជាង ។ ទន្ទឹមនឹងនេះដែរ AS ក៏បាននិយាយផងដែរថាលោក Ernesto Valverde ដែលជាគ្រូបង្វឹករបស់ក្លឹប Barcelona ក៏មានបំណងចង់រក្សាកីឡាករវ័យ ២៩ ឆ្នាំនេះផងដែរ ។ Paulinho បានចូលរួមជាមួយក្រុមយក្សរបស់អេស្ប៉ាញពីក្លឹប Guangzhou Evergrande លើកិច្ចព្រមព្រៀង ៣៦,៤ លានផោនកាលពីខែ សីហា ឆ្នាំមុន ។
ការចូលមកកាន់កីឡាដ្ឋាន Camp Nou នៅរដូវកាលដំបូងកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៩ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ១៣ ដងក្នុងការបង្ហាញខ្លួន ២១ ប្រកួត ។ ខណះ Paulinho ក៏ជាផ្នែកសំខាន់មួយនៃក្រុមជម្រើសជាតិប្រេស៊ីលផងដែរក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 នេះ ៕
ដោយ៖តារា