
Antonio Conte គ្រូបង្វឹករបស់ Chelsea បានសារភាពថា គាត់មានរឿងជាច្រើនដែលត្រូវរៀនពីការទិញកីឡាករថ្មីចូល ប៉ុន្តែគាត់មានជំនាញខ្ពស់ក្នុងការបណ្តុះបណ្តាលកីឡាករដែលគាត់មានស្រាប់។
អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីនេះត្រូវបានគេរាយការណ៍មកថា គាត់មិនសប្បាយចិត្តនឹងដំណើរការនៃការជ្រើសរើសកីឡាករថ្មីឡើយ ខណៈពេលដែលអ្នកផ្សេងនៅ Stamford Bridge ជាអ្នកទទួលខុសត្រូវលើការទិញនេះ។
ថ្លែងនៅមុនការប្រកួតនៅ Premier League នៅថ្ងៃចន្ទជាមួយនឹង West Brom លោក Conte បាននិយាយថា គាត់មិនមានអ្វីច្រើនដែលត្រូវនិយាយអំពីកីឡាករថ្មីដែលត្រូវចូលរួមជាមួយក្រុមឡើយ។
Conte បាននិយាយថា «ជាធម្មតាតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំអាចទទួលបានលទ្ធផលដ៏ល្អបំផុតជាមួយកីឡាករដែលខ្ញុំមាន»។
«ខ្ញុំគិតថា ខ្ញុំជាប្រភេទគ្រូបង្វឹកដែលជួយបណ្តុះបណ្តាលកីឡាករឲ្យកាន់តែខ្លាំងបន្ថែមទៀត។ ប្រសិនបើកីឡាករនោះស្ថិតក្នុងកម្រិត ៦/១០ ខ្ញុំនឹងជួយគាត់ឲ្យរីកចម្រើនដល់កម្រិត ៨/១០។ ប្រសិនបើខ្ញុំមានកីឡាករដែលមានកម្រិត ៨/១០ ខ្ញុំនឹងជួយគាត់ឲ្យឈានដល់កម្រិត ១០/១០ តែម្តង។ ខ្ញុំជាគ្រូបង្វឹកប្រភេទនេះឯង»។
«ភារកិច្ចរបស់ខ្ញុំគឺរឿងនេះ ហើយសម្រាប់នេះខ្ញុំពិតជាជំនាញណាស់។ ប៉ុន្តែខ្ញុំគិតថាខ្ញុំមិនសូវចេះបញ្ចុះបញ្ចូលក្លឹបឲ្យទិញកីឡាករឡើយ។ ខ្ញុំគិតថា ចំពោះរឿងនេះខ្ញុំអាចធ្វើការកែលម្អបានច្រើន»។
«ខ្ញុំត្រូវរៀនសូត្រច្រើនពីគ្រូបង្វឹក និងអ្នកចាត់ការទូទៅដទៃផ្សេងទៀតពាក់ព័ន្ធនឹងរឿងនេះ។ ខ្ញុំត្រូវតែធ្វើការពិភាក្សាឲ្យបានច្រើនបន្ថែមទៀតជាមួយអ្នកចាត់ការទូទៅដែលមានភាពប៉ិនប្រសប់ខ្លាំងក្នុងការបញ្ចុះបញ្ចូលក្លឹបរបស់ពួកគេឲ្យចំណាយលុយទិញកីឡាករលំដាប់កំពូលៗ»។
ក្រុមតោខៀវត្រូវការជ័យជម្នះពេលប៉ះជាមួយ Baggies (West Brom) បន្ទាប់ពីទទួលបរាជ័យទាំងពីរប្រកួតចុងក្រោយរបស់ពួកគេក្រោមថ្វីជើងរបស់ Bournemouth និង Watford ។
ដោយ៖ តារា