
គេហទំព័រ DxO Mark បានស្រាវជ្រាវ និងវាយតម្លៃរកឃើញថា កាមេរ៉ាស្មាតហ្វូនអេនដ្រយចំនួន៥ប្រភេទ ក្លាយជាឧបករណ៍ល្អផ្តាច់គេបំផុតក្នុងលោក ។ ការស្រាវជ្រាវនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ។ តើស្មាតហ្វូនអ្វីខ្លះដែលបំពាក់នូវកាមេរ៉ាល្អបំផុតជាងគេឬ? ខាងក្រោមនេះ គឺជាចម្លើយ៖
ស្មាតហ្វូន Huawei P40 Pro៖
ស្មាតហ្វូនHuawei P40 Pro ត្រូវបានវាយតម្លៃឈរនៅកំពូលតារាង ពិន្ទុសរុប១២៨ មានបំពាក់កាមេរ៉ាល្អជាងគេបំផុត ។ ស្មាតហ្វូនេះ បំពាក់កាមេរ៉ាក្រោយគោល 50-megapixel កម្រិត Aperture f/1.9 មានមុខងារទប់រំញ័ររូបភាព OIS ។ បំពាក់កាមេរ៉ា ultra-wideមួយគ្រាប់ ទំហំ 40-megapixel កម្រិត Aperture f/1.8 និងកាមេរ៉ា telephot ទំហំ 12-megapixel កម្រិត Aperture f/2.4, មានការទប់រំញ័ររូបភាព OIS និងហ្សូបអុបទិក 3X ផងដែរ ។ ឧបករទាំងអស់នេះបានបន្ថែមសែនស័រ 3D ជាមួយបចេ្ចកវិទ្យាសេនស័រជម្រៅកាន់តែប្រសើរ ។ កាមេរ៉ាក្រោយ ក៏មានសមត្ថភាពហ្សូបឌីជីថល 100xផងដែរ ។
ស្មាតហ្វូន Honor 30 Pro+៖
ឈរលំដាប់លេខពីរនៅក្នុងតារា, ស្មាតហ្វូន Honor 30 Pro+ ដែលជាស្មាតហ្វូនសាខាក្រុមហ៊ុន Huaweiនោះគឺជាអ្នកទទួលបានពិន្ទុ១២៥ ។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាក្រោយ 50-megapixel ដូចទៅនឹងកាមេរ៉ាបំពាក់នៅលើស្មាតហ្វូន P40 Pro ដូច្នោះដែរ ។ ស្មាតហ្វូននេះនៅបំពាក់លេន telephoto ទំហំ8-megapixel និងកាមេរ៉ា ultra-wide 1/3.09អ៊ីន ទំហំ 16-megapixel ។
ស្មាតហ្វូន Oppo Find X2 Pro៖
ស្មាតហ្វូន Oppo Find X2 Pro បំពាក់កាមេរ៉ាគោល Quad-Bayer 48-megapixel កម្រាស់ 1/1.4 អ៊ីន មានកម្រិត Aperture f/1.7, បំពាក់កាមេរ៉ា ultra-wide មួយគ្រាប់ 1/2អ៊ីន និងកាមេរ៉ា telephoto មួយគ្រាប់ ទំហំ 13MP កម្រិត Aperture f/3 ។
ស្មាតហ្វូន Xiaomi Mi 10 Pro៖
ស្មាតហ្វូន Mi 10 Pro របស់ក្រុមហ៊ុន Xiaomi បំពាក់កាមេរ៉ាគោល 108-megapixel ជាមួយសេនស័ររូបថត 1/1.33, បំពាក់កាមេរ៉ា ultra-wide ទំហំ 20-megapixel មួយគ្រាប់ និងលេនកាមេរ៉ា telephoto ភ្លោះជាមួយ សេនស័រ 12-megapixel និង 8-megapixel ។
ចុងក្រោយគឺស្មាតហ្វូន Huawei Mate 30 Pro 5G ៖
ស្មាតហ្វូន Mate 30 Pro 5G បំពាក់កាមេរ៉ាគោល 40-megapixel ជាមួយកម្រិត Aperture f/1.6, បំពាក់កាមេរ៉ា Ultra wide ទំហំ 40-megapixel កម្រិត Aperture f/1.8 និងកាមេរ៉ាលេន telephoto កម្រិត Aperture f/2.4 និងលេនសែនស័រជម្រៅ 3D ToF ។
ក្នុងពេលដំណាលគ្នានេះ ស្មាតហ្វូនដែលមានកាមេរ៉ាល្អបន្តបន្ទាប់គ្នា៥ទៀត ត្រូវបានគេហទំព័រ DxO Mark រកឃើញផងដែរ សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ ។ ទាំងនោះដូចជា ស្មាតហ្វូន Honor V30 Pro, ស្មាតហ្វូន Samsung Galaxy S20 Ultra, ស្មាតហ្វូន Huawei Mate 30 Pro, ស្មាតហ្វូន Xiaomi Mi CC9 Pro Premium និងស្មាតហ្វូន Apple iPhone 11 Pro Max ក៏មានបំពាក់កាមេរ៉ាល្អឥតខ្ចោះផងដែរ ៕
ដោយ៖ យ៉ាត