
អ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ កីឡាករ Antoine Griezmann បានធ្វើអត្ថាធិប្បាយទៅលើការផ្ទេរទៅកាន់ក្លឹប Barcelona ដែល Lionel Messi បាននិយាយថាលោកនឹងស្វាគមន៍ការមកដល់របស់កីឡាករបារាំងនៅកីឡាដ្ឋាន Camp Nou មុនពេលលោកសម្រេចចិត្តបដិសេធការផ្ទេរនេះ ។
មុនពេលព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីមនុស្សជាច្រើនបាននិយាយថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងចាកចេញពីក្លិប Atletico Madrid សម្រាប់ក្លិបម្ចាស់ជើងឯក Laliga មួយនេះ ប៉ុន្តែគាត់បានសម្រេចចិត្តបន្ដស្នាក់នៅជាមួយក្រុម Rojiblancos ( AT Madrid ) បន្ដទៀត ។ កីឡាករ Luis Suarez និង Messi បានប្រកាសជាសាធារណៈថាពួកគេនឹងស្វាគមន៍កីឡាករបារាំងនៅឯក្លឹប Barca ប៉ុន្តែ Griezmann បានសារភាពថាគាត់មានមោទនភាពចំពោះការបដិសេធសំណើររបស់ក្លឹប Blaugrana ( Barce ) ។
ងាកចុះក្លិប Barcelona ? សួរដោយអ្នកការសែត Diario AS ហើយខ្សែឆ្នើមសញ្ជាតិបារាំងរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “វាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពចំពោះរឿងនេះហើយពេលនេះខ្ញុំរំភើបនឹងរដូវកាលខាងមុខនេះជាមួយ Atletico ។ វាមិនយូរប៉ុន្មានទេរហូតដល់ខ្ញុំប្រកួតប្រជែងដណ្តើមពានរង្វាន់អឺរ៉ុប ហើយយើងពិតជាចង់ឈ្នះវាដែរ។
Griezmann បានបន្ដថា៖ “ខ្ញុំគ្រាន់តែចង់ទទួលបានជ័យជំនះនេះជាមួយប្រទេសបារាំងនិងប្រជាជនបារាំង បន្ទាប់មកដើម្បីរីករាយនឹងថ្ងៃបុណ្យរបស់ខ្ញុំនិងអាចសម្រាក ។ ខ្ញុំពិតជារីករាយណាស់សម្រាប់មិត្តរួមក្រុមរបស់ខ្ញុំទាំងអស់វាពិតជាបទពិសោធដ៏អស្ចារ្យ”។
Griezmann ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការប្រកួត FIFA World Cup ក្នុងប្រទេសរុស្ស៊ី រួមទាំងការស៊ុតបញ្ចូលទីនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយជាមួយនឹងប្រទេសក្រូអាតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ៕
ដោយ៖តារា