
យោងទៅតាមការបោះពុម្ពផ្សាយរបស់ការសែតដែលមានមូលដ្ឋាននៅតំបន់កាតាឡាន Mundo Deportivo បានឱ្យដឹងថាក្លឹប Barcelona បានប្រតិកម្មតបទៅនឹងពាក្យចចាមអារ៉ាមដែលទាក់ទងនិង Ousmane Dembele ជាមួយនឹងការចាកចេញពីកីឡាដ្ឋាន Camp Nou នៅរដូវក្ដៅនេះ ។
ក្លឹបនឹងមិនប្រើប្រាស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះដើម្បីជាផ្នែកមួយនៃការផ្ទេរខ្សែបម្រើ-ប្រយុទ្ធ សញ្ជាតិបែលហ្ស៊ិក Eden Hazard នោះឡើយ ខណៈដែលបុគ្គលិក និង គ្រូបង្វឹក នៅ Barce ជឿជាក់ថាកីឡាករវ័យក្មេងរូបនេះនឹងចាប់ផ្តើមយ៉ាងល្អនៅរដូវកាលក្រោយ ។
របាយការណ៍របស់ការសែត Onda Cero ដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា Barcelona ត្រៀមខ្លួនរួចជាស្រេចក្នុងការទិញខ្សែបម្រើស្លាបរបស់ក្លឹបតោខៀវ Chelsea កីឡាករ Hazard ជាមួយទឹកប្រាក់ធំ បូករួមជាមួយនឹងការចាកចេញរបស់ Ousmane Dembele ទៅកាន់ Stamford Bridge ៕
ដោយ៖តារា