សំពោចត្នោត ជាប្រភេទសត្វមានក្លិនក្រអូប ខណៈលេចវត្តមានច្រើននៅកម្ពុជា

6334

ក្រុមអ្នកអភិរក្សថតជាប់សត្វសំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូង ដែលមានទំហំដី ១.៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប។ នេះបើយោងតាមផេកគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ។

សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ប្រផេះ ឬត្នោត ច្រចៀក ជើង និងផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស ដោយមានឆ្នូតខ្មៅនៅចំកណ្តាល ផ្ទៃមុខពណ៌ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាងក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូតខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។ ជាធម្មតាសំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យខ្លាចនឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និង ឈ្មោះវិទ្យាសាស្រ្ត Paradoxurushermaphrodites ។
ក្រុមអ្នកអភិរក្សបានឱ្យដឹងថា សំពោចក្រអូប មានវត្តមាននៅព្រៃគ្រប់ប្រភេទ រួមទាំងវាលស្រែ ចម្ការដំណាំ និងក្បែរភូមិផងដែរ។ វាចូលចិត្តនៅកន្លែងងងឹតៗ តាមជង្រុក ទបង្ហូរទឹក ឬដំបូលផ្ទះនៅពេលថ្ងៃ និងនៅពេលយប់វាចេញរកចំណីដូចជាកណ្តុរ នៅតាមចម្ការស្វាយ កាហ្វេ ម្នាស់ជាដើម។ វាបន្តពូជពេញមួយឆ្នាំដោយមានកូននៅខែតុលា និងធ្នូ ក្នុងមួយលើកៗ វាអាចមានកូន២ ទៅ ៤ក្បាលនៅតាមរូងថ្ម ឬប្រហោងឈើ។ ចំពោះអាយុកាលរបស់វាប្រហែល១៤ឆ្នាំ។

សំពោចក្រអូបនេះ ស្ថិតក្នុងប្រភេទមានដោយបង្គួរ និងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ថា ជាប្រភេទសត្វរងគ្រោះថ្នាក់តិចតួច។ នៅក្នុងប្រទេសកម្ពុជា វាជាប្រភេទកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការបាត់បង់ទីជម្រក និងទាក់ចាប់ដើម្បីធ្វើពាណិជ្ជកម្ម៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី