ខែមិថុនា ឆ្នាំ២០២០នេះ ពោរពេញដោយព្រឹត្តិការណ៍តារាសាស្ត្រ សូរ្យគ្រាសផង និងចន្ទគ្រាសផង

15843

ក្រុមអ្នកជំនាញ​តារាសាស្ត្រ​បានបង្ហើបឲ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា នៅក្នុងខែមិថុនា ខាងមុខនេះ ត្រូវបានចាត់ទុកថា ជាខែដែលពោរពេញទៅដោយព្រឹត្តិការណ៍តារាសាស្ត្រ គឺនឹងមានបាតុភូត​សូរ្យគ្រាសផង និងបាតុភូតចន្ទគ្រាសផង ។

គេបានបញ្ជាក់ថា ចន្ទគ្រាសនឹងកើតឡើង​នៅថ្ងៃទី៥ ខែមិថុនា ខណៈដែល​សូរ្យគ្រាសវិញ កើតឡើងនៅថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២០​ផងដែរ ។

តើចន្ទគ្រាស ឬសូរ្យគ្រាស គឺជាអ្វី?

សូរ្យគ្រាសកើតឡើងនៅពេលដែលព្រះចន្ទផ្លាស់ទីពីលើព្រះអាទិត្យ ហើយបោះស្រមោលរបស់វាមកលើផែនដី ។ នៅពេលបាតុភូតនេះកើតឡើង វានឹងងងឹត ពីព្រោះពន្លឺព្រះអាទិត្យត្រូវបានរារាំងដោយព្រះចន្ទ ។

ផ្ទុយទៅវិញ ចន្ទគ្រាសកើតឡើងនៅពេលផែនដី វិលចូលដល់គន្លងពន្លឺព្រះអាទិត្យ ។ រឿងនេះអាចកើតឡើងបានលុះត្រាតែផែនដី, ព្រះអាទិត្យ និងព្រះច័ន្ទ ត្រូវបានតម្រឹមគ្នាយ៉ាងជិតស្និទ្ធ ។ គឺមានន័យថា ភពផែនដីរបស់យើង តម្រឹមគ្នា រវាងព្រះអាទិត្យ​ និងព្រះចន្ទ ទើបកើតបានបាតុភូតចន្ទគ្រាសនោះឡើង ។ ចន្ទគ្រាស​គឺជាព្រឹត្តិការណ៍ពិសេស ។ វាមិនបានកើតឡើងរៀងរាល់ខែនោះទេ ប៉ុន្តែ​យើងអាចមើលឃើញ​ចន្ទគ្រាស​នឹងភ្នែកយើងផ្ទាល់ប្រកបដោយសុវត្ថិភាព ។

ចន្ទគ្រាស នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា តាមពេលវេលា​ដូចខាងក្រោម៖

តាមការផ្សាយរបស់ Time and date.com បានបញ្ជាក់ថា អ្នករស់នៅក្នុងតំបន់អាស៊ី, អឺរ៉ុប និងអាហ្វ្រិក ប្រហែលជាអាចមើលឃើញ​ព្រះចន្ទ​ប្រែទៅជាមានរស្មីងងឹត ។ នេះគឺជាចន្ទគ្រាសមួយ ដែលហៅថា Penumbral វាមិនអាចបាំងពន្លឺព្រះចន្ទដ៏ពេញលេញនោះបានឡើយ ។

សរុបពេលវេលាចន្ទគ្រាស​នៅថ្ងៃទី៥ ខែមិថុនា គឺប្រហែល​ជា៣ម៉ោង​និង១៨នាទី ។ នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៥ ខែមិថុនា ចន្ទគ្រាស Penumbral បានចាប់ផ្តើម ។ នៅម៉ោង១២និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ចន្ទគ្រាសឈានដល់កម្រិតកំពូល ហើយនៅម៉ោង២និង៣៤នាទី រំលងអធ្រាត្រ ថ្ងៃទី៦ ខែមិថុនា ចន្ទគ្រាស​ត្រូវបានបញ្ចប់ ។

ចំណែកសូរ្យគ្រាសវិញ នឹងកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ដែលអាចមើលឃើញដោយផ្នែកមួយចំនួននៅឥណ្ឌាខាងជើង, ចិន, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, កុងហ្គោ, អេត្យូពី និងភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។ បើសិនអាកាសធាតុច្បាស់ល្អ អ្នកអាចមើលឃើញ​ពីលក្ខណៈចិញ្ចៀនភ្លើង​ផងដែរ ។

សូរ្យគ្រាសនេះ​ចាប់ផ្តើមដោយផ្នែក​នៅវេលាម៉ោង​៩និង១៥នាទីព្រឹកថ្ងៃទី​២១ ខែមិថុនា ។ នៅវេលាម៉ោង១០និង១៧នាទីព្រឹក សូរ្យគ្រាសពេញលេញ​ចាប់ផ្តើម ហើយនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាសចាប់ផ្តើមកើតឡើងដល់កម្រិតកំពូលបំផុត ។ នៅវេលាម៉ោង២និង០២នាទីរសៀល ថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាសពេញលេញ​ត្រូវបានបញ្ចប់ ខណៈដល់ម៉ោង៣និង០៤នាទីរសៀល ថ្ងៃទី២១ ខែមិថុនា សូរ្យគ្រាស​ដោយផ្នែក​ក៏ត្រូវបានបញ្ចប់ផងដែរ ៕

ដោយ៖ យ៉ាត

ប្រភព :

timesnownews

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី