ជយោរ! ការប្រកួតកីឡាទាំងអស់ អាចបើកដំណើរការឡើងវិញ តែលេងដោយគ្មានអ្នកគាំទ្រ

12661

គ្រប់ការប្រកួតកីឡាទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ ប៉ុន្តែត្រូវអនុវត្តនលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលរលកទីពីរ នៃវីរុសកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

គណៈកម្មការអន្តរក្រសួងដើម្បីយុទ្ធនឹងជំងឺកូវីដ១៩ បានបញ្ជាក់ថា សម្រាប់ការដាក់ឲ្យដំណើរការឡើងវិញ នូវវិស័យកីឡាជាជំហានៗនេះ បន្ទាប់ពីមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើរបាយការណ៍សង្ខេបស្តីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។

ជាមួយគ្នានេះ សម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡា ក្រសួងសុខាភិបាល បានណែនាំទៅដល់សហព័ន្ធកីឡាទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
១៖ អនុញ្ញាតឱ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី ១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះ នឹងចាប់អនុវត្តជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។
២៖ អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឱ្យមានការ ចម្លងវីរុសកូវីដ១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។
៣៖ មុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា៖
-ការអនុវត្ត ការសម្អាតដៃឱ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ
-ការប្រើប្រាស់ម៉ាស (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់ (រួចត្រូវបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ)
-ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។
៤៖ ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឱ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ១៩ នោះឡើយ។
ក្នុងសេចក្ដីប្រកាសនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំណាក់កាល ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ១៩៕

ដោយ៖ វិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី