អតីតកីឡាករ Man Utd ម្នាក់ ប្រាប់ពីភាពស្រដៀងគ្នារវាង Sancho និង Ronaldo

41669

Jadon Sancho អាចជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់ក្រុម Manchester United នេះបើយោងតាមលោក Wes Brown និងបានលើកឡើងពីភាពស្រដៀងគ្នារវាងតារា Borussia Dortmund ទៅនិងកំពូលកីឡាករ Cristiano Ronaldo ។

Jadon Sancho បានរីករាយនឹងភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ ជាពិសេសបង្ហាញពីភាពលេចធ្លោក្នុងមួយរយៈនៅក្នុងក្របខណ្ឌ Bundesliga ចាប់តាំងផ្លាស់ពីក្លិប Manchester City កាលពីឆ្នាំ ២០១៧ ។ បច្ចុប្បន្នកីឡាករវ័យ ២០ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា ជាទេពកោសល្យវ័យក្មេងដ៏ភ្លឺស្វាងម្នាក់ក្នុងវិស័យបាល់ទាត់អ៊ឺរ៉ុប ហើយទាំងការរកគ្រាប់ និងការបញ្ចូនបាល់របស់គាត់កាន់តែមានភាពប្រសើរឡើងពីមួយរដូវកាលទៅមួយរដូវកាល។

នៅពេលសួរថា តើខ្សែប្រយុទ្ធរបស់ក្រុម Dortmund រូបនេះ អាចជួយឱ្យក្រុមលោក Ole Gunnar Solskjaer ស្វែងរកភាពខ្លាំងវិញបានទេ អតីតកីឡាករ Man Utd លោក Wes Brown បានប្រាប់ MUTV ថា៖ “ទេពកោសល្យនិងភាពរំភើប។ យើងត្រូវការនរណាម្នាក់ដូចនោះនៅក្នុងក្លឹប។ យើងមានពួកគេច្រើនឆ្នាំមកហើយ ហើយខ្ញុំប្រាកដថា ប្រសិនបើយើងចុះហត្ថលេខាជាមួយគាត់ គាត់នឹងនាំយកភាពរំភើបនោះមកកាន់ក្លឹបវិញ។ វាពិតជាល្អសម្រាប់ក្រុមផងដែរ”។

អតីតកីឡាករអង់គ្លេសខាងលើបន្តទៀតថា៖ “យើងធ្លាប់មានកីឡាករដូចអតីតកាល ដូចជា Cristiano Ronaldo ជាដើម។ ពួកគេជាប្រភេទកីឡាករដែលទាញខ្សែការពារ ៣ ឬ ៤ នាក់ចេញ ហើយធ្វើឲ្យការប្រកួតមានភាពងាយស្រួលសម្រាប់កីឡាករដទៃទៀត។ ប្រសិនបើយើងអាចធ្វើវាបាន វាគឺជាការចុះហត្ថលេខាដ៏អស្ចារ្យមួយ”៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី