
អ្នកនិពន្ធបទ «កណ្តៀវអូនស្រួយ» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពីបទចម្រៀងមួយនេះមានអត្ថន័យប៉ះពាល់ដល់តម្លៃសីលធម៌ និងវប្បធម៌ របស់ខ្មែរយ៉ាងខ្លាំង។
ថ្លែងប្រាប់ AKP នៅថ្ងៃទី១០ ខែមិថុនានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ឡុង ប៉ុណ្ណាសេរីវត្ថ បានឱ្យដឹងថា៖ “ព្រឹកនេះក្រសួងបានកោះហៅអ្នកនិពន្ធបទចម្រៀងនេះមកក្រសួងដើម្បីណែនាំ និងស្នើឱ្យអ្នកនិពន្ធរូបនេះ ត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដកបទចម្រៀងនោះចេញពីបណ្តាញ YouTube Channel ជាបន្ទាន់ ព្រោះចំណងជើងបទចម្រៀងក៏ដូចជាអត្ថន័យនៃបទចម្រៀង បានប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត អ្នកនិពន្ធរូបនេះ ក៏បានបានទទួលស្គាល់កំហុស ព្រមទាំងបានធ្វើកិច្ចសន្យាថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ ព្រមទាំងបានសុំទោសសាធារណជនផងដែរ”។
លោកក៏បានសង្កត់ធ្ងន់ថា៖ “ករណីអ្នកនិពន្ធរូបនេះ គឺចូលក្នុងករណីរដ្ឋបាលហើយ ដោយយើងបានហៅគាត់មកអប់រំ ណែនាំ និងធ្វើលិខិតជាលាយលក្ខណ៍អក្សរ ហើយបើសិនជាពុំរាងចាលទេ និងចូលករណីទី៣ គឺទណ្ឌកម្ម”។
សូមជម្រាបថា បទចម្រៀង “កណ្តៀវអូនស្រួយ” ត្រូវបាននិពន្ធដោយ លោក អ៊ិច ចន្ថា និងច្រៀងដោយ កញ្ញា បរ៉ាម៉ី ដែលបានផ្សព្វផ្សាយលើបណ្តាញយូធូបនាពេលថ្មីៗនេះ ហើយបានរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ទាំងចំណងជើង និងខ្លឹមសារនៃបទចម្រៀង៕
ដោយ៖ នីតា