
យោងតាមរបាយការណ៍ជាច្រើនដែលបានឲ្យដឹងថាក្លឹប Besiktas ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេស ទួកគី មានបំណងចង់ខ្ចីជើងតារារបស់ក្រុមជម្រើសជាតិជប៉ុន Shinji Kagawa ពីក្លឹបយក្សអាឡឺម៉ង់ Borussia Dortmund ។
ថ្វីបើមានការចាប់ផ្តើមរដូវកាល ២០១៧-១៨ ជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៧ ដងសម្រាប់ក្រុម Dortmund ក៏ដោយក៏ Kagawa បានខកខានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៅពាក់កណ្ដាលរដូវកាលដោយសារតែបញ្ហារបួសកជើង ហើយក៏មិនត្រូវបានគេចាត់ទុកថាជា Key players សម្រាប់ក្រុមជម្រើសជាតិ ជប៉ុន នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup 2018 នៅប្រទេស រុស្ស៊ី ថែមទៀតផង ។
ប៉ុន្តែនៅប្រទេសរុស្ស៊ីគាត់បានបស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ ពេលប៉ះជាមួយនឹងក្រុមកូឡុំប៊ី ក្នុងពូល A និងបានបញ្ជូនបាល់ឱ្យមិត្តរួមជាតិកីឡាករ Takashi Inui ស៊ុតបញ្ចូលទី ពេលប៉ះ បែលហ្ស៊ិក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយផងដែរ ។ Kagawa បានបង្ហាញពីភាពបើកទូលាយចំពោះការផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ពេលនេះហាក់ដូចជាកីឡាកររូបនេះកំពុងតែផ្តោតអារម្មណ៍លើការចាប់អារម្មណ៍ទៅលើគ្រូបង្វឹកថ្មីរបស់ក្លឹប Dortmund លោក Lucien Favre បន្ទាប់ពីចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងការហ្វឹកហាត់កាលពីថ្ងៃទី ៣០ ខែ កក្កដា កន្លងទៅនេះ ។
Kagawa បាននិយាយប្រាប់ King Soccer ថា៖ “( អ្នកចាត់ការថ្មី ) មានន័យថាជាបទពិសោធន៍ថ្មីៗនិងការលើកទឹកចិត្តថ្មី ។ នៅអាយុរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនួលខុសត្រូវពិតប្រាកដហើយខ្ញុំចង់លេងនៅកម្រិតខ្ពស់” ។
Kagawa អាចនឹងត្រូវបានសម្រេចចិត្តតាមមិត្តរួមជាតិខ្សែការពារ Yuto Nagatomo ដែលបានផ្ទេរទៅកាន់ក្លឹប Galatasaray ដែលលេងនៅលីគកំពូល ទួកគី កាលពាក់កណ្ដាលរដូវកាលមុន ។ ក្រុមម្ចាស់ជើងឯក Super Lig បានចាប់អារម្មណ៍លើ Kagawa ចាប់តាំងពីពេលគាត់នៅឯក្លិប Manchester United និងត្រូវបានគេនិយាយថាកំពុងពិចារណាដេញថ្លៃតទល់ជាមួយនឹង Besiktas ថែមទៀតផង ។ Nagatomo បាននិយាយនៅក្នុងព្រឹត្តិការណ៍ឧបត្ថម្ភមួយនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី ២៤ ខែ កក្កដា ថា៖ “គ្មានអ្វីដែលធ្វើឱ្យខ្ញុំរីករាយជាងការដែល Kagawa ចូលមកលេងនៅ Galatasaray នោះទេ ។ អ្វីដែលគាត់ចង់បានខ្ញុំចង់គាំទ្រគាត់ “។
ក្លឹប Besiktas មានពេលវេលាតិចតួចដើម្បីរៀបចំការផ្លាស់ប្តូរមុនពេលបើករដូវកាលរបស់ពួកគេនៅថ្ងៃទី ១២ ខែ សីហា ដែលត្រូវប៉ះជាមួយក្រុម Akhisar ស្របពេលដែលរដូវកាលដំបូងរបស់ Kagawa សម្រាប់ Dortmund នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២០ ខែ សីហា ដែលត្រូវប៉ះជាមួយក្លឹប SpVgg Greuther Fürth ក្នុងជុំទីមួយនៃពានរង្វាន់ DFB Pokal ៕
ដោយ៖តារា