
តារាឆ្នើមរបស់ក្លិប Paris Saint-German កីឡាករ Javier Pastore សង្ឃឹមថា Neymar អាចបន្តផ្តល់នូវភាពជោគជ័យនៅក្នុងប្រទេសបារាំង ខណៈដែលលោកអះអាងថាការផ្លាស់ប្តូរនៅរដូវក្ដៅនេះគឺមិនអាចទៅរួចនោះទេ ។
Neymar បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបី ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយ Paris Saint-Germain ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនពេលមួយរដូវកាលនោះទេដោយសារបញ្ហារបួស ខណៈដែលក្លឹបរបស់ខ្លួនបានខកចិត្តក្នុងក្របខ័ណ្ឌ Champions League ដែលបានធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់ប្រទេសអេស្បាញជាមួយក្រុម Real Madrid ប៉ុន្តែគាត់បានទទូចថាគាត់នឹងនៅតែបន្ដស្នាក់នៅទីក្រុងប៉ារីស ។ ហើយ Pastore ដែលថ្មីៗនេះចាកចេញពីក្រុម PSG ទៅកាន់ក្លឹប AS Roma បាននិយាយថា ខ្លួនមើលមិនឃើញកាលៈទេសៈណាដែល Neymar ចាកចេញនៅក្នុងទីផ្សាដោះដូរកីឡាករខាងមុខនេះឡើយ ។
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ “វាមិនអាចទៅរួចទេដែល Neymar ចាកចេញពី PSG នៅរដូវក្តៅនេះ ។ PSG បានធ្វើការវិនិយោគយ៉ាងធំធេងនៅលើរូបគេ ហើយពួកគេពឹងផ្អែកលើ Neymar ជាកីឡាករម្នាក់និងជាមនុស្សម្នាក់ ហើយកាលពីឆ្នាំទៅមិញគាត់មានសំណាងមិនល្អក្នុងរដូវកាលដ៏ល្អបំផុតរបស់ក្លឹប ។ ឆ្នាំនេះនឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់គាត់ដើម្បីអាចបង្ហាញនូវអ្វីគ្រប់យ៉ាងដែលមាន ។ ព្រះមានឆន្ទៈ ខ្ញុំសង្ឃឹមថាគាត់អាចឈ្នះរឿងសំខាន់ៗជាច្រើនសម្រាប់ក្រុម PSG” ។
គួរបញ្ជាក់ផងដែរថា Neymar រកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួត នៅក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុនដោយបានចាប់ដៃគូប្រយុទ្ធជាមួយ Edinson Cavani និង Kylian Mbappe ៕
ដោយ៖តារា