គិរីយង់ ភ្នំបែបប្រវត្តិសាស្ត្រនិងជាជម្រកមនុស្សបុរាណជាង ៣ពាន់ឆ្នាំមុន កំពុងលាក់ខ្លួនគ្មានអ្នកស្គាល់

418736
  • ភ្នំគិរីយង់ ជាភ្នំបែបប្រវត្តិសាស្ត្រ មានទេសភាពស្រស់ស្អាតយ៉ាងខ្លាំង បែរមិនសូវមានអ្នកស្គាល់ កំពុងលាក់ខ្លួននៅក្នុងខេត្តខេត្តបាត់ដំបង។ នេះបើយោងតាម Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ។

    មានរឿងរ៉ាវច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងវប្បធម៌ នៃភ្នំនេះ។ កាលដើមឡើយ អ្នកភូមិហៅឈ្មោះថា ភ្នំនាងយង់ ឬ ភ្នំយាយយង់ បច្ចុប្បន្នគេហៅថា ភ្នំគិរីយង់។ បើពិនិត្យឱ្យបានច្បាស់បន្តិច ភ្នំនេះមើល ទៅមានរូបរាងដូចសត្វដំរីមួយក្បាលក្រាបលើធរណី ដោយប្រមោយនៅខាងមុខ និងកន្ទុយខាងក្រោយ។ ធ្លាប់មានក្រុមការងារស្រាវជ្រាវប្រវត្តិសាស្ត្រ នៅល្អាងស្ពាន នៃភ្នំទាក់ទ្រាំងមកធ្វើកំណាយនៅភ្នំគិរីយង់ (មិនចាំឆ្នាំ) និងបានរកឃើញពូថៅធ្វើពីថ្មរំលីង និងកម្ទេចកម្ទីនៃកុលាលភាជន៍ប្រមាណជាង ១០ដុំ។ ក្រុមការងារនោះបានសន្និដ្ឋានថា មានមនុស្សសម័យបុរាណ កាលពី៣០០០ឆ្នាំមុន បានមករស់នៅក្នុងល្អាងទូក នៃភ្នំគិរីយង់។ ភ្នំនេះមានល្អាងសំខាន់ៗ ដូចជា ល្អាងទូក ល្អាងខ្លាកូន ល្អាងលាក់ស្បៀង ល្អាងលាក់ខ្លួន ល្អាងត្រជាក់ ល្អាងភ្លឺ និងល្អាងជំនាប់ផេះ ជាដើម ដែលល្អាងចុងក្រោយនេះមានថ្លុកទឹកចេញពីបាតល្អាងនៅច្រកចូលខាងត្បូង។
    ព័ត៌មានវិទ្យាសាស្ត្រអំពីសណ្ឋានដី និងភូគម្ភសាស្ត្រ នៃភ្នំគិរីយង់គឺ នៅខ្វះខាត ដែលនេះផ្តល់ឪកាសសម្រាប់ការស្រាវជ្រាវបន្ត។ ភ្នំ គិរីយង់ ជាជម្រកធម្មជាតិ នៃប្រភេទសត្វជាច្រើនរួមមាន ពពែភ្នំ ខ្លាត្រី ក្តាន់ញែង សំពោច កាំប្រមា កំប្រុក ជ្រូកព្រៃ ឈ្លូស ស្វា ជាដើម និងរុក្ខជាតិនានារួមមាន បេង ធ្នង់ នាងនួន ព្រះព្នៅ ផ្ចឹក ខ្វាវ កកោះ សុក្រំ វល្លិ៍មាស វល្លិ៍ទឹកដោះ។ល។ ក៏ប៉ុន្តែ មិនទាន់ដឹងថាទីនេះមានជីវៈចម្រុះប៉ុន្មានប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសាកលសម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។ នេះជាឪកាសសម្រាប់ការសិក្សាបន្ថែម។

    ភ្នំគិរីយង់ ស្ថិតនៅភូមិភ្ជាវនិងភូមិជាមន្ត្រី ក្នុងឃុំត្រែង និងស្ថិតនៅភូមិ រស្មីសង្ហា ឃុំរស្មីសង្ហា ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥២គ.ម. តាមផ្លូវថ្នល់ពីក្រុងបាត់ដំបង។ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបងឆ្ពោះទៅខេត្តប៉ៃលិន។ មុនដល់សាលាឃុំត្រែង បត់ស្តាំដៃតាមផ្លូវក្រាលកៅស៊ូឆ្ពោះទៅសាលាឃុំរស្មីសង្ហា។ រយ:ពេលធ្វើដំណើរតាមរថយន្តប្រមាណ ១ម៉ោងនិង១៣នាទីនឹងមកដល់ភ្នំគិរីយង់។
    រដ្ឋាភិបាលបានចេញលិខិតលេខ ៦៦អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ អនុញ្ញាត្តឱ្យក្រសួងបរិស្ថានរៀបចំអភិរក្សភ្នំគិរីយង់ទំហំ ៩៨៤,៣១ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់បម្រើប្រយោជន៍ មនុស្សគ្រប់ជំនាន់៕

    ដោយ៖ ស្រស់ ប្រភព៖ Heritages Diary‐បេតិកភណ្ឌប្រចាំថ្ងៃ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី