Nani ខ្សឹបប្រាប់ថា Ronaldo នឹងបញ្ចប់អាជីពនៅប្រទេសមួយនេះ ប៉ុន្តែមិនមែននៅអឺរ៉ុបទេ

104162

Nani បានអះអាងថា មិត្តរួមជាតិកីឡាករ Cristiano Ronaldo បានប្រាប់ខ្លួនថា គាត់ប្រហែលជានឹងបញ្ចប់នៅទឹកដីសហរដ្ឋអាមេរិកនៅពេលណាមួយនៃអាជីពរបស់គាត់។

Nani និង Cristiano Ronaldo ធ្លាប់ជាមិត្តរួមក្រុមទាំងនៅក្លិប និងកម្រិតអន្តរជាតិ ដោយពួកគាត់ទាំងពីរបានសាងភាពជោគជ័យដ៏អស្ចារ្យជាច្រើនជាមួយក្លិប Manchester United និងព័រទុយហ្កាល់។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Orlando City SC នៃក្របខណ្ឌ Major League Soccer ដែលជាលីគកំពូលអាមេរិក។

អតីតខ្សែប្រយុទ្ធអធិរាជស Real Madrid កីឡាករចាស់វស្សា Ronaldo ត្រូវបានគេដាក់ការសង្ស័យថា នឹងដើរតាមគន្លងកំពូលកីឡាករដូចជា David Beckham, Zlatan Ibrahimovic, Thierry Henry និង David Villa ដែលបានបញ្ចប់អាជីពនៅក្របខណ្ឌ MLS ខណៈបច្ចុប្បន្នរូបគេមានអាយុ ៣៥ឆ្នាំទៅហើយ និងជិតដល់ទីបញ្ចប់អាជីពដ៏អស្ចារ្យរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។

កីឡាករដែលរួមចំណែកជួយឱ្យព័រទុយហ្កាល់ឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុបកាលពីឆ្នាំ២០១៦ Nani បានប្រាប់ ESPN ថា៖ “កាលពីប៉ុន្មានឆ្នាំមុន គាត់ (Ronaldo) បានប្រាប់ខ្ញុំថា គាត់ប្រហែលជានឹងបញ្ចប់នៅអាមេរិក។ វាមិនមែន ១០០ ភាគរយទេ ប៉ុន្តែប្រហែលជាមានឱកាសមួយ”៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី