ចំណេះដឹងដែលត្រូវដឹង៖ របៀបប្រើប្រាស់ Wifi សាធារណ: ដោយសុវត្ថិភាព

354393
  • តើអ្នកដឹងដែរឬទេថា ការប្រើប្រាស់ Wifi សាធារណ: ប្រឈមនឹងការលួចយកព័ត៌មានដោយយថាហេតុពីសំណាក់ជនអនាមិកបច្ចេកវិទ្យា (hacker)។ ហើយបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា បានបង្ហាញការស្វែងយល់របៀបប្រើប្រាស់ Wifi សាធារណៈ ដោយសុវត្ថិភាព។

    បណ្តាញ Wifi (Hotspots) គឺជាការតភ្ជាប់ឧបករណ៍បច្ចេកវិទ្យាដោយបណ្តាញឥតខ្សែ (Wireless) និងអាចដំណើរការបណ្តាញអ៊ីនធឺណេត។ យោងអត្ថបទចុះផ្សាយរបស់ Wiman បង្ហាញថា បណ្តាញតភ្ជាប់ “Mobile Free Wifi” ក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ១៨.៧៣១ (ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១២.៣៩៥) និងមួយចំនួនផ្សេងទៀតជាបណ្តាញ Wifi ឯកជន។

    ការប្រើប្រាស់ Wifi សាធារណ: ជួយកាត់បន្ថយចំណាយកញ្ចប់អ៊ីនធឺណេតរបស់អ្នកប្រើប្រាស់ ប៉ុន្តែមានហានិភ័យមួយចំនួនដូចជា៖
    – ការលួចស្កាត់យកទិន្នន័យចរាចរណ៍ (Network Traffic)
    – ការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រ (Computer Hacking)
    – ការលួចយកលេខសម្ងាត់គណនី និងជ្រៀតចូលប្រព័ន្ធ (Systems Compromise) ។ល។

    ដើម្បីការពារខ្លួននៅពេលប្រើប្រាស់ Wifi សាធារណ: សូមអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

    – ធ្វើការជ្រើសរើស Wifi Hotspot ដែលមានប្រភពច្បាស់លាស់
    – បើកដំណើរការប្រព័ន្ធ Host-based Firewall ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទ
    – ប្រើប្រាស់បណ្តាញតភ្ជាប់ VPN ដែលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ជាទូទៅ
    – ត្រូវប្រើប្រាស់គេហទំព័រ HTTPS ពេលបញ្ចូលព័ត៌មានសម្ងាត់ផ្សេងៗ
    – តម្លើង និងបើកដំណើរការកម្មវិធីកម្ចាត់មេរោគ៕

    ដោយ៖ ស្រស់ ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី