ខណៈនេះ មេដឹកនាំរបស់ក្រុមតារាវិទូបានពន្យល់ថា ការបាត់ខ្លួនផ្កាយយក្សដ៏ធំមួយដោយមិនមានដានសញ្ញាអ្វីសោះ ឬក៏សញ្ញាផ្ទុះនោះ គឺជារឿងដែលមិនធម្មតាបំផុត ។
សារព័ត៌មានវិទ្យាសាស្ត្របានផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែវិលក្បុងស្មុគស្មាញ ក្រោយពីក្រុមអង្កេតតេឡេស្កុប (VLT) ភាគខាងត្បូងអឺរ៉ុប ពិនិត្យពិច្ច័យទៅលើកាឡាក់ស៊ី Kinman Dwarf កាលពីឆ្នាំមុននេះ ស្រាប់តែអវត្តមានផ្កាយប្រែរូបដ៏ធំមួយ ដែលកាលពីពេលមុននេះ ក្រុម VLT បានប្រទះឃើញវាយ៉ាងច្បាស់ក្រឡែតនៅកាឡាក់ស៊ីនោះ ។
សារព័ត៌មានដដែលនេះបានបន្តថា ខណៈដែលកាឡាក់ស៊ី Kinman Dwarf មានទីតាំងប្រហែល៧៥លានឆ្នាំពន្លឺពីភពរបស់យើងនោះ វាហាក់ដូចជាឆ្ងាយដាច់សន្លឹមក្រៃលែងណាស់ដែរសម្រាប់អ្នកវិទ្យាសាស្ត្រពិនិត្យឃើញផ្កាយនីមួយនៅទីនោះបាន ។ ចាប់តាំងពីឆ្នាំ២០០១ដល់ឆ្នាំ២០១១ ពន្លឺបានជះចេញពីទីកាឡាក់ស៊ីនោះ ដែលជាតឹកតាងបង្ហាញថា ជាទីតាំងស្ថិតនៅរបស់ផ្កាយយក្សមួយ ដែលជះពន្លឺពណ៌ខៀវស្រាល និងអថេរ ប្រហែល ២,៥លានដងជាងពន្លឺរបស់ព្រះអាទិត្យ ។
ទោះយ៉ាងណាក៏ដោយ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមតារាវិទូ តាមរយៈការប្រើប្រាស់កែវយឺតតេឡេស្កូបរបស់ VLTផង ក៏នៅតែមិនអាចស្វែងរកបានសញ្ញាដែលកាលពីពេលមុននេះបានរកឃើញជះចេញពីផ្កាយយក្សមួយនោះបានឡើយ ហើយទោះបីជាស្វែងរកច្រើនលើកច្រើនសារ និងថែមទាំងប្រើឧបកណ៍កែវពង្រីក X-shooter រយៈពេលជាច្រើនខែក្រោយមកក៏ដោយ ក៏ដោយនៅតែមិនមានលទ្ធផល ។
លោក Jose Groh សមាជិកម្នាក់នៃក្រុមតារាវិទូដែលបានសិក្សាស្រាវជ្រាវនេះនិយាយថា «យើងប្រហែលជាអាចរកឃើញផ្កាយមួយ ក្នុងចំណោមផ្កាយដ៏ធំបំផុតរបស់ចក្រវាឡនេះនៅក្នុងពេលរាត្រី» ។
នៅពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងពិចារណាទៅលើការពន្យល់បកស្រាយចំនួនពីរចំណុច ដែលអាចធ្វើទៅបាន ចំពោះការបាត់ខ្លួនផ្កាយយក្សមួយនេះ ។ ក្រុមអ្នកវិទ្យាសាស្ត្របានបកស្រាយថា ផ្កាយនោះអាចមានពន្លឺតិចជាងមុន ហើយបើពុំដូច្នេះទេ វាប្រហែលបាំងដោយធូលី ឬបានធ្លាក់ចូលទៅក្នុងរណ្តៅខ្មៅដោយគ្មានការផ្ទុះជះពន្លឺចេញនោះទេ ។
អ្នកដឹកនាំក្រុមស្រាវជ្រាវ លោក Andrew Allan បាននិយាយថា“ វាពិតជាមិនធម្មតាទេ ដែលផ្កាយដ៏ធំមួយនេះ បាត់ខ្លួនទៅវិញ ដោយមិនមានការផ្ទុះ ឬជះពន្លឺដ៏អស្ចារ្យនោះ ។ លោកក៏បានបញ្ជាក់ថា ប្រសិនបើការបកស្រាយនេះពិតជាត្រឹមត្រូវមែននោះ វានឹងក្លាយជាការរកឃើញដោយផ្ទាល់លើកដំបូងទៅលើផ្កាយបិសាច ដែលបញ្ចប់ជីវិតតាមរយៈវិធីរបៀបនេះ” ៕
ដោយ៖ យ៉ាត