រថយន្ត Lamporghini Sian គឺជារថយន្តកម្លាំងបំផុតដែលក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបៗរបស់ប្រទេសអ៊ីតាលីបានផលិតឡើង ហើយក៏ជារថយន្តកូនកាត់ដំបូងបំផុតរបស់ក្រុមហ៊ុននេះផងដែរ ។ នៅពេលបច្ចុប្បន្ន រថយន្តប្រភេទ Coupe កម្លាំង៨០៧សេះនេះ គឺកំពុងទទួលបានប្អូនម្នាក់ទៀត ឈ្មោះថា Roadster ដែលមានកម្លាំងប្រហែលនឹងខ្លួនដែរ ។
ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានប្រកាសអំពីរថយន្ត Sián FKP 37 កាលពីខែកញ្ញា ឆ្នាំ២០១៩ ហើយបានគូសបញ្ជាក់ថា រថយន្តនេះ មានសរុបចំនួន៦៣គ្រឿងប៉ុណ្ណោះដែលបានផលិតឡើង ហើយពួកវាមានអ្នកមកចែចូវទទួលយកអស់ហើយ ។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Lamborghini បានបង្ហាញរថយន្ត Sian Roadsterថ្មី ហើយថា មានអ្នកទិញរថយន្តប្រភេទថ្មីនេះចំនួន១៩នាក់។ ពួកគេបានកុម្មង់ទិញរថយន្ត Sianនេះ ដូច្នេះ រថយន្ត Roadsterក្លាយជារថយន្តពិសេសជាងរថយន្ត Coupeនោះទៅទៀត ។
រថយន្តកំពូលទំនើបនេះ មិនមានដំបូលនៅកាប៊ិនខាងមុខឡើយ ។ រថយន្ត Sián Roadsterមានល្បឿនជាង២១៧ ម៉ៃក្នុងមួយម៉ោង (ជាង៣៤៩គីឡូម៉ែត្រ) ។
ក្រុមហ៊ុន Lamborghini មានការរចនា និងបំពាក់បច្ចេកវិទ្យាពិសេសៗទាន់សម័យបំផុត ។ ម៉ាស៊ីនរបស់រថយន្ត Sián Roadster មានកម្លាំងខ្លាំងដូចប្រភេទរថយន្ត Coupe ដូច្នោះដែរ គឺម៉ាស៊ីន V-12 ដូចគ្នា ។ វាបង្កើតកម្លាំងបាន៧៧៤សេះ ជាមួយម៉ូទ័រអគ្គិសនី៤៨វ៉ុល (Volt) អាចផលិតបន្ថែមកម្លាំងបាន៣៤សេះទៀត រត់បានក្នុងចម្ងាយ៨១ម៉ៃក្នុងមួយម៉ោង (ប្រហែល១៣០គីឡូម៉ែត្រ) ឬទាបជាងនេះ ។ ម៉ូទ័រនេះត្រូវបានដាក់ឲ្យស្ថិតនៅក្នុងប្រអប់លេខអូតូស្វ័យប្រវត្តិ ៧វគ្គ ។
ជំនួសឲ្យអាគុយ Lithium-ion ម៉ូទ័រអគ្គិសនីនេះផ្តល់ថាមពលខ្លាំងជាងអាគុយ៣ដង និងមានទម្ងន់ស្រាលផងដែរ ។ ក្រុមហ៊ុន Lamborghini បញ្ជាក់ថា រថយន្ត Sián Roadster ស្ទុះបានពី០ដល់៦០ម៉ៃក្នុងមួយម៉ោងប្រើពេលត្រឹម២,៩វិនាទី ។ ចំណែកតម្លៃវិញ មិនថោកនោះទេ គឺ $3 297 632 ដុល្លារអាមេរិក ។ រថយន្តធុននេះមានសរុប១៩គ្រឿងប៉ុណ្ណោះ លក់ដាច់អស់ហើយ ៕
ដោយ៖ យ៉ាត