
បន្ទាប់ពីការចាកចេញរបស់អ្នកចាំទីដៃស្អិត Thibaut Courtois ទៅកាន់ក្លឹប Real Madrid កាលពីយប់មិញ ឥឡូវ ក្លឹបតោខៀវ Chelsea បានប្រកាសពីការចុះកុងត្រាមួយដែលមានតម្លៃ ៧១ លានផោនពីក្លិប Bilbao របស់ក្របខ័ណ្ឌ La Liga ដែលធ្វើឱ្យគាត់ក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ។ នៅក្នុងការផ្ទេរនេះបានធ្វើឲ្យអ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយះពេល ៧ ឆ្នាំ ជាមួយនឹងក្លឹបយក្សនៅក្របខ័ណ្ឌ Premier League ។
Kepa Arrizabalaga បាននិយាយថា៖ “វាជាការសម្រេចចិត្តដ៏សំខាន់បំផុតសម្រាប់ខ្ញុំ សម្រាប់អាជីពរបស់ខ្ញុំនិងសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ។ រឿងជាច្រើនបានទាក់ទាញខ្ញុំទៅក្លឹប គ្រប់ពានរង្វាន់ទាំងអស់ដែលក្លឹបបានឈ្នះ កីឡាករផ្សេងទៀតរបស់អេស្ប៉ាញគឺកំពុងលេងនៅក្របខ័ណ្ឌ Premier League វាជាការប្រមូលផ្តុំនូវអ្វីមួយ ហើយខ្ញុំពិតជារីករាយដែល Chelsea បានសម្រេចចិត្តទុកចិត្តលើរូបខ្ញុំ និងដើម្បីនាំខ្ញុំចូលផងដែរ “។
ប្រធានក្លិប Chelsea អ្នកស្រី Marina Granovskaia បានបន្ថែមថា៖ “Kepa គឺជាអ្នកចាំទីដែលមានទេពកោសល្យដែលយើងបានកោតសរសើរអស់រយៈពេលជាយូរមកហើយ ហើយយើងមានការរំភើបយ៉ាងខ្លាំងចំពោះការមកដល់របស់គាត់ ។ គាត់បានបង្ហាញពីគុណភាពនិងភាពរឹងមាំដ៏អស្ចារ្យ ហើយវានឹងក្លាយជាផ្នែកមួយដ៏ធំនៃជ័យជំនះរបស់ Chelsea នៅក្នុងឆ្នាំខាងមុខ ។ កិច្ចសន្យារយៈពេលវែងរបស់គាត់ឆ្លុះបញ្ចាំងពីជំនឿដែលយើងមាននៅលើគាត់”៕
ដោយ៖តារា