គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ដល់ណាហើយ? ខណៈអ្នកនៅតំបន់នោះកំពុងត្រូវប៉ាន់ខ្លាំង

12772

បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេចបានជិត ៤០ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC)។ កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និង AH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។

បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ បានឱ្យដឹងថា ក្រុមហ៊ុនទទួលបន្ទុកសាងសង់បានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការសាងសង់អាចទទួលយកបាន ហើយគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កំណាត់ផ្លូវនេះសម្រេចការសាងសង់បានចំនួន ៣៩,៧៦% និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី