គុនល្បុក្កតោកម្ពុជា ដែលជាកីឡាអត្តសញ្ញាណជាតិ បង្ហាញមហិច្ឆតាឈ្នះមេដាយ នៅស៊ីហ្គេម ២០២៣

12291

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដាក់គោលដៅប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានលើកឡើងថា កន្លងមកយើងបានប្រឹងប្រែងអនុវត្តការងារឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទាំងលើឆាកជាតិ និងអន្តរជាតិ។ ជាចក្ខុវិស័យ និងគោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺរួមគ្នាអភិវរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ព្រលឹងជាតិ និងក៏ជាកីឡាអត្តសញ្ញាណជាតិផងដែរ។

លោកក៏ស្នើសុំ ការយោគយល់ពីព្រឹទ្ធាចារ្យ និងលោកគ្រូ អ្នកគ្រូ សិស្សគុនល្បុក្កតោទាំងអស់ឲ្យយកស្មារតីជាតិ ស្មារតីព្រលឹងដូនតាមកតម្កល់ឲ្យខ្ពស់ បង្រួបបង្រួមគ្រួសារគុនល្បុក្កតោឲ្យមានការឯកភាពជាធ្លុងមួយ ក្នុងការពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ដើម្បីជោគជ័យនៃគុនល្បុក្កតោ ក្នុងដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣។

គួរបញ្ជាក់ឱ្យដឹងថា ប្រទេសដែលទទួលយកការហ្វឹកហាត់គុនល្បុក្កតោកម្ពុជាដូចជា វៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាជាដើម ហើយក៏យល់ព្រមជួយដល់គុនល្បុក្កតោ ក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕

ដោយ៖ ស្រស់ រូបភាព៖ SEA GAME 2023

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី