ចឹងបានតែចេះបាត់បង់! ត្រឹម៦ខែសោះ អន្ទាក់ជាង២ម៉ឺន បានដោះចេញពីតំបន់ការពារធម្មជាតិ

10034

អន្ទាក់ចំនួនជាង ២០ ០០០អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ក្នុងរយះពេល ៦ខែដើមឆ្នាំ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ ៦ខែឆ្នាំ២០២០ ពីខែមករាដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩អន្ទាក់ ត្រូវបានដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ២០១៩កន្លងទៅ អន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានខាងលើបានឱ្យដឹងទៀតថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ ចំនួន ៣២ ៣២២អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ សូមកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃ ទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាចមានមេរោគផ្សេងៗ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី