ណាសា​នឹងបង្ហោះមនុស្សយន្តអវកាស ​​ឲ្យទៅវាស់ស្ទង់ទីជម្រៅអាចម៍ផ្កាយ​ផ្ទុកលោហៈ មានតម្លៃជាងសេដ្ឋកិច្ចរបស់ពិភពលោក

13845

ឧបករណ៍រ៉ូបូតអវកាស ដែលអាចចូលជម្រៅបានជ្រៅ និងមានឈ្មោះថា “Psyche”នោះ នឹងត្រូវបាញ់បង្ហោះនាំយកដោយគ្រាប់រ៉ុក្កែត SpaceX Falcon Heavyនៅចុងរដូវក្តៅឆ្នាំ ២០២២ខាងមុខនេះ ។ រ៉ូបូតអវកាស “Psyche”នេះ នឹងហោះរំលងភពព្រះអង្គារ ហើយបន្ទាប់មកធ្វើសកម្មភាពវាស់ស្ទង់លក្ខណៈពិសេសរបស់អាចម៍ផ្កាយដែលនៅក្បែរនោះ ។ នេះបើតាមប្រភព Sputnik ផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

នៅទីបំផុត អង្គការណាសា (NASA)កំពុងស្ថិតនៅក្នុងការត្រៀមលក្ខណៈបញ្ជូនមនុស្សយន្តអវកាស ល្បឿនលឿនហួសប្រមាណមួយ ឲ្យទៅវាស់ស្ទង់អាចម៍ផ្កាយដែលមានទទឹងទំហំរហូតដល់១៤០ម៉ាយល៍ ។ មនុស្សយន្តអវកាសនេះ ត្រូវគេជឿថា ទៅវាស់ស្ទង់លោហៈធាតុមានតម្លៃច្រើនជាងសេដ្ឋកិច្ចពិភពលោករបស់យើងនេះទៅទៀត ហើយនេះគឺជាផែនការរយៈពេលយូរអង្វែងរបស់ទីភ្នាក់ងារអវកាស ។

ឥឡូវគម្រោងនេះបានឆ្លងកាត់ដំណាក់កាលសំខាន់មួយ គឺពិនិត្យមើលការរចនាដែលមានន័យថា វាមិនមានឧបសគ្គអ្វីច្រើនក្នុងការធ្វើផែនការមួយនេះទេ ។ មនុស្សយន្តអវកាសនេះ មានឈ្មោះថា “Psyche” តាមគម្រោងត្រូវបញ្ជូនទៅកាន់ទិសដៅរបស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២២ ។ មនុស្សយន្តអវកាសនេះ​នឹងធ្វើសកម្មភាពស្រាវជ្រាវវាស់ស្ទង់អាចម៍ផ្កាយដែលសំបូរទៅដោយលោហៈធាតុ មានឈ្មោះថា អាចម៍ផ្កាយ “16 Psyche” ជាឃ្លាំងផ្ទុករ៉ែដែក, នីកែល (Nickel) និងមាស ។ ទស្សនាវដ្តី Forbes បានចុះផ្សាយនាពេលថ្មីៗនេះថា លោហៈទាំងឡាយដែលលាក់ទុកនៅក្នុងជម្រៅអាចម៍ផ្កាយមួយនេះ អាចមានតម្លៃច្រើនជាងសេដ្ឋកិច្ចពិភពលោករបស់យើង គឺច្រើនជាងរហូតដល់ ១០.០០០ ពាន់លានដុល្លារ។ អ្នកវិទ្យាសាស្ត្របាននិយាយថា អាចម៍ផ្កាយដ៏ធំមួយនេះ ស្ថិតនៅក្នុងខ្សែក្រវ៉ាត់អាចម៍ផ្កាយដ៏សំខាន់របស់ប្រព័ន្ធព្រះអាទិត្យ គឺរវាងភពព្រះអង្គារ និងភពព្រហស្បតិ៍ ។

លោក Lindy Elkins-Tanton អ្នកស៊ើបអង្កេតគម្រោងបេសកកម្មខាងលើនេះបាននិយាយថា ពេលនេះជាដំណាក់កាលចុងក្រោយ គឺជា “ដំណាក់កាលត្រួតពិនិត្យដ៏សំខាន់បំផុតមួយ ។ វាជាបេសកកម្មឆ្លងកាត់ក្នុងវដ្តជីវិតទាំងមូល” ។ លោកបានបន្តថា “យើងបានឆ្លងកាត់ដំណាក់កាលដ៏សំខាន់ យើងមិនទាន់ដល់ទីបញ្ចប់ទេ ប៉ុន្តែយើងកំពុងដំណើរការយ៉ាងខ្លាំង” ។

ជាមួយការបាញ់បង្ហោះតាមគ្រាប់រ៉ុក្កែត SpaceX Falcon Heavyនោះ, មនុស្សយន្តអវកាស Psyche ដែលមានផ្នែករឹងជាពិសេសនោះ ត្រូវហោះឆ្លងកាត់ភពព្រះអង្គារ នៅក្នុងឆ្នាំ២០២៣ ហើយវាចាប់ផ្តើមហោះវិលជុំវិញអាចម៍ផ្កាយនៅខែមករា ឆ្នាំ២០២៦ ។ នៅពេលចូលដល់ទីជម្រៅរបស់អាចម៍ផ្កាយ 16 Psyche ហើយនោះ រ៉ូបូតនឹងវាស់ស្ទង់​ដែនម៉ាញេទិករបស់អាចម៍ផ្កាយ, ចាប់យករូបភាព និងវិភាគសារធាតុនឺត្រុង (Neutrons) និងកាំរស្មីហ្គាម៉ា (Gamma) ដែលលេចឡើងនៅជ្រុងឆ្ងាយនៃចក្រវាឡ ។


អ្នកគ្រប់គ្រងគម្រោងខាងលើនេះ គឺលោក Henry Stone បាននិយាយថា “រឿងមួយដែលយើងមានមោទនភាពចំពោះបេសកកម្មទីជំរៅជ្រៅទាំងនេះ គឺភាពជឿជាក់ទៅលើផ្នែករឹង” ។ លោកបន្តថា យើងត្រូវការការធ្វើតេស្តដ៏ទូលំទូលាយហើយជាបន្ទាន់ថែមទៀតផង ក្នុងនោះ​មានការពិនិត្យទៅលើភាពខ្លាំង និងភាពខ្សោយរបស់វា​ ៕

ដោយ៖ យ៉ាត

ប្រភព :
sputniknews
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី